v9

ក្រុមសូហ្វតិន្នីសកម្ពុជា កំពុងនាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីប្រទេសថៃ មកកម្ពុជា

7 days ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាហូស្វតិន្នីសកម្ពុជា បាននឹងកំពុងជិះឡានក្រុងនាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុបចំនួន៧ ដែលពួកគេដណ្តើមបានពីការប្រកួត The 4th Agel World Tour Soft Tennis Championships 2018 នៅប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ។

បើតាមលោក ជា សែនវិស្សុត ជាអគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងជាគ្រូបង្វឹកសម្រាប់ការចេញទៅប្រកួតនេះ បានឲ្យដឹងថា ក្រុមសូហ្វតិន្នីសកម្ពុជា បានឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ៣ ពីការប្រកួត The 4th Agel World Tour Soft Tennis Championships 2018 ហើយប្រតិភូកីឡារបស់កម្ពុជា មួយក្រុមនេះ នឹងត្រូវធ្វើដំណើរដោយឡានក្រុង មកដល់ព្រំដែនកម្ពុជា-ថៃ នារសៀលម៉ោង២ ថ្ងៃចន្ទនេះ រួចទើបបន្តដំណើរដោយឡានក្រុងដដែល បន្តមកកាន់រាជធានីភ្នំពេញ ដែលអាចនឹងដល់ នៅយប់នេះ។

តាមរយៈការប្រកួត The 4th Agel World Tour Soft Tennis Championships 2018 ដែលធ្វើនៅទីក្រុងផាតាយ៉ា ប្រទេសថៃនោះ កីឡាករ សាយ សុចិត្រា ជាអ្នកឈ្នះមេដាយមាសឲ្យកម្ពុជា លើវិញ្ញាសាប្រកួតឯកត្តជន អាយុក្រោម១៥ឆ្នាំ ឯកីឡាការិនី ម៉េត ម៉ារីយ៉ាន បានឈ្នះមេដាយប្រាក់២ គឺទាំងលើវិញ្ញាសាឯកត្តជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ។

ចំណែកមេដាយសំរឹទ្ធចំនួន៤ទៀត ដែលក្រុមសូហ្វតិន្នីសកម្ពុជា ដណ្តើមបាន គឺមាននៅលើវិញ្ញាសាប្រកួតជាក្រុមបុរស ក្រុមនារី ព្រមទាំងការប្រកួតឯកត្តជនអាយុក្រោម១៥ឆ្នាំរបស់កីឡាការិនី បូ ទីងហ៊ុយ និងការប្រកួតឯកត្តជនអាយុក្រោម២១ឆ្នាំរបស់កីឡាករ ចន ម៉ាដា ខណៈព្រឹត្តិ្កការណ៍នេះសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី៨នាក់ ទៅចូលរួមប្រកួត ក្រោមការដឹកនាំរបស់លោក ជា ប៊ុនហេង ដែលជាអនុប្រធានសហព័ន្ធ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77