v9

ទ័ព លត់អគ្គិសនីកម្ពុជា ៤-០ ឡើងមកលេខ៤ ឯក្រុមខ្លាំងទាំង៣ សុទ្ធតែបន្ថែមការឈ្នះ

4 months ago​ | ដោយ V-Dara

ក្រុមក្រសួងការពារជាតិ (ទ័ព) បានលត់ក្រុមអគ្គិសនីកម្ពុជា ៤-០ ដើម្បីឡើងមកឈរនៅលេខរៀងទី៤ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៨ ជាថ្មីម្តងទៀត រីឯក្រុមបឹងកេត ណាហ្គាវើល និងវិសាខា នៅតែប្រជែងគ្នាយ៉ាងប្រកៀក បន្ទាប់ពីក្រុមទាំង៣នេះ រកបាន៣ពិន្ទុបន្ថែមដូចគ្នា ក្នុងការប្រកួតប្រចាំសប្តាហ៍ទី៩នេះ។

ក្រុមបឹងកេត និងវិសាខា បានយកឈ្នះលើគូប្រកួត ៣-២ ដូចគ្នា ប៉ុន្តែក្រុមខ្លាំងទាំង២នេះ បានជួបស្ថានភាពនៃការប្រកួតខុសគ្នា។ បឹងកេត បានយកឈ្នះក្រុមភ្នំពេញក្រោន ៣-២ ហើយគ្រាប់បាល់ជ័យជម្នះរបស់បឹងកេត រកបានដោយខ្សែការពារ ហុង ផេង នៅនាទីទី៦៦ គឺបន្ទាប់ពីខ្សែការពារ អ៊ុក សុវណ្ណ របស់ភ្នំពេញក្រោន ទទួលបានកាតក្រហម នៅនាទីទី៦៥។

ចំណែកក្រុមវិសាខា បានរកគ្រាប់បាល់នាំមុខលើក្រុមព្រះខ័នរាជស្វាយរៀង ៣-០ ដាច់ ដែលរកបានដោយកីឡាករវ័យក្មេង សាន គឹមហេង នៅនាទីទី១២ Kyong Hun Kim នៅនាទីទី២៥ និង Song Chhol Pak នៅនាទីទី៤៩។ ប៉ុន្តែការទទួលបានកាតក្រហមរបស់កីឡាករ ជិន វណ្ណៈ នៅនាទីទី៦៥ បានធ្វើឲ្យ វិសាខា ជួបការលំបាកយ៉ាងខ្លាំង។ ក្រុមស្វាយរៀង បានវាយសម្រុកយ៉ាងខ្លាំងទៅលើក្រុមវិសាខា និងរកបាន២គ្រាប់តាមពីក្រោយ ដែលរកបានដោយ នេន សុធារ័ត្ន និងការតែតបាល់បញ្ចូលទីរបស់ Shonari ប៉ុន្តែការរកបានគ្រាប់បាល់នៅនាទីទី៧៦ និងនាទីទីបន្ថែម ៩០+៧ នេះ វាបានត្រឹមបំភ័យក្រុមវិសាខា ប៉ុណ្ណោះ។

ដោយឡែកក្រុមណាហ្គាវើល បានយកឈ្នះក្រុមប៉ូលិស ៤-២ ខណៈអាស៊ីអឺរ៉ុប បានលត់ក្រុមរងគ្រោះ វេស្ទើន រហូតដល់ ៦-១ ហើយនៅក្នុងលទ្ធផលនេះខ្សែប្រយុទ្ធ Privat រកបានទាំង៦គ្រាប់ឲ្យ អាស៊ីអឺរ៉ុបតែម្តង។ រីឯក្រុមគ្រប់គ្រងដោយជប៉ុនដូចគ្នា គឺអង្គរថាយហ្គឺរ និង សូលទីឡូអង្គរ បានត្រឹមស្មើគ្នា ០-០ នៅលើទឹកដីខេត្តសៀមរាប។

តាមរយៈលទ្ធផលនៃការប្រកួតនេះ ក្រុមបឹងកេត នៅតែបន្តឈរនៅកំពូលតារាង ដោយមាន២៣ពិន្ទុ ហើយតាមពីក្រោយដោយក្រុមណាហ្គាវើល មាន២២ពិន្ទុ និងវិសាខា ដែលមាន១៩ពិន្ទុ ខណៈក្រុមទ័ព បានហក់ពីលេខ៦ មកឈរនៅលេខ៤ ជាថ្មីម្តងទៀត ដោយមាន១៥ពិន្ទុ។

ចំណែកក្រុមភ្នំពេញក្រោន និងក្រុមប៉ូលិស បានធ្លាក់មកឈរនៅលេខ៥ និងលេខ៦ ដោយមាន១៤ពិន្ទុដូចគ្នាដដែល ហើយក្រុមអាស៊ីអឺរ៉ុប បានឡើងមកឈរនៅលេខ៧ មាន១២ពិន្ទុ លើក្រុមព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ មាន១១ពិន្ទុស្មើគ្នា។ ចំពោះក្រុមសូលទីឡូអង្គរ មាន៨ពិន្ទុ និងឈរលើក្រុមអគ្គិសនីកម្ពុជា មាន៤ពិន្ទុ និងក្រុមវេស្ទើន ដែលបន្តឈរនៅបាតតារាង មានសូន្យពិន្ទុ ដដែល៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.