v9

ក្រុមសូហ្វតិន្នីសកម្ពុជា ចេញទៅសម្ងំហ្វឹកហាត់បង្កើនសមត្ថភាពនៅជប៉ុន ត្រៀមប្រកួតកីឡាអាស៊ី​

1 week ago​ | ដោយ V-Dara

ក្រុមកីឡាករសូហ្វតិន្នីសកម្ពុជា ៥នាក់ និងគ្រូបង្វឹកម្នាក់ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កាលយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដើម្បីទៅហ្វឹកហាត់បង្កើនសមត្ថភាព នៅទីនោះរយៈពេល ២ខែ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ (Asian Game 2018) ដែលនឹងត្រូវធ្វើនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ។

លោក ជា ប៊ុនហេង អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានចាត់ទុកការចេញទៅហ្វឹកហាត់នៅជប៉ុននេះថា ជារឿងដ៏ល្អបំផុត ដើម្បីពង្រឹងសមត្ថភាព ត្រៀមទៅកីឡាអាស៊ី។ លោកបានប្រាប់កថា៖ «ការចេញទៅហ្វឹកហាត់នេះ ដើម្បីឲ្យក្រុមសូហ្វតិន្នីសរបស់យើង បង្កើនទាំងសមត្ថភាព បច្ចេកទេស និងកាយសម្បទា គឺអ្វីៗនឹងរីកចម្រើនគ្រប់យ៉ាង តាមរយៈការចេញទៅប្រកួតនេះ»។

កីឡាករ កាន់ សោភ័ណ, ឯក ចំរើន, យី សារសារិទ្ធ, ឌឹម សំសុជាភារុណ, អន សម្បត្តិ និងគ្រូបង្វឹកលោក ម៉ាសាតូ អូហ្គីវ៉ារ៉ា គឺជាបេក្ខភាព ដែលសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បញ្ជូនឲ្យទៅហ្វឹក នៅជប៉ុនលើកនេះ ហើយការហ្វឹកហាត់នៅសាលា Tohoku High School នៅទីក្រុង Seandai ប្រទេសជប៉ុននេះ សហព័ន្ធកីឡាសូហ្វតិន្នីស ត្រូវបង់ថវិកាចំនួន ១២០០០ដុល្លារ សម្រាប់ការហ្វឹកហាត់ ស្នាក់នៅ និងការហូបចុក នៅទីនោះ។

ទោះបីជាយ៉ាងណា លោក ជា ប៊ុនហេង ចាត់ទុក សាលា Tohoku High School ជាកន្លែងហ្វឹកហាត់លំដាប់កំពូលផ្នែកកីឡាសូហ្វតិន្នីសនៅលើពិភពលោក។ លោកបានបញ្ជាក់ថា៖ «អ្នកនៅសាលានេះ មានសមត្ថភាព មិនចាញ់ក្រុមជម្រើសជាតិជប៉ុន ប៉ុន្មានឡើយ អ៊ីចឹងមានន័យថា យើងបានដាក់ក្រុមសូហ្វតិន្នីសរបស់យើង ទៅហ្វឹកហាត់នៅកន្លែងកំពូលរបស់ពិភពលោកហើយ ហើយកីឡាមានតែដាក់ឲ្យអូសតាមអ្នកពូកែ ទើបពូកែតាមគ្នា ហើយបើយើងអ្នកឲ្យលេងជាមួយអ្នកអន់ និងហ្វឹកហាត់តែជាមួយគ្រូនៅក្នុងស្រុក តើពេលណាឡើងរួច?»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជា គ្រោងនឹងបញ្ជូនប្រភេទកីឡា ចំនួន១២ប្រភេទ ទៅចូលរួមប្រកួត មានកីឡាអត្តពលកម្ម ហែលទឹក Jet Ski គុនដាវ យូដូ ការ៉ាតេដូ ទូកក្តោង កាយសម្ព័ន្ធ តេក្វាន់ដូ ចំបាប់ សូហ្វតិន្នីស និងកីឡា Jujutsu ហើយក្នុងនោះ សូហ្វតិន្នីស ជាប្រភេទកីឡា ដែលត្រូវបាន NOCC ចាត់ទុកថា មានសក្តានុពលខ្ពស់ ក្នុងការឈានទៅដណ្តើមបានមេដាយឲ្យកម្ពុជា៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77