v9

ក្រុមសូហ្វតិន្នីសកម្ពុជា ចេញទៅប្រកួតនៅថៃ ថ្ងៃព្រហស្បតិ៍នេះ

4 months ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាសូហ្វតិន្នីសចំនួន ១៣នាក់ រួមជាមួយគ្រូបង្វឹក និងប្រតិភូ សរុបមានគ្នា ១៧នាក់ នឹងត្រូវធ្វើដំណើរដោយឡានក្រុង ឆ្ពោះទៅកាន់ប្រទេសថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីទៅចូលរួមការប្រកួត The 4th Agel World Tour Soft Tennis Championship 2018 ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ខែមិថុនា។

សម្រាប់ការចេញទៅប្រកួតព្រឹត្តិការណ៍មួយនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជាអ្នករ៉ាប់រងការចំណាយដោយខ្លួនឯង ហើយបើតាមលោក ជា ប៊ុនហេង អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានប្រាប់ថា ត្រូវចំណាយអស់ប្រមាណ ១ម៉ឺនដុល្លារ ប៉ុន្តែលោកបានប្រាប់ថា ការប្រកួតនេះមានសារៈសំខាន់។

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បានប្រាប់ថា៖ «បើទោះបីជា យើងត្រូវចំណាយដោយខ្លួនឯង ប៉ុន្តែការប្រកួតនេះ មានសារៈសំខាន់ណាស់។ នេះជាការប្រកួតសន្សំពិន្ទុឡើងចំណាត់ថ្នាក់ពិភពលោក ដោយមានការទទួលស្គាល់ពីគណៈកម្មការកីឡាសូហ្វតិន្នីសអាស៊ី អ៊ីចឹងបើយើងឈ្នះបានមេដាយ យើងអាចនឹងឡើងចំណាត់ល្អ ហើយគោលដៅរបស់យើង ក្នុងឆ្នាំនេះ គឺត្រូវឡើងទៅចំណាត់ថ្នាក់លេង៨ ខណៈពេលនេះយើងឈរនៅលេខ៩»។

សម្រាប់អត្តពលិក ដែលត្រូវបានបញ្ជូនឲ្យទៅចូលរួមការប្រកួត The 4th Agel World Tour Soft Tennis Championship 2018 នៅថៃនេះ មានកីឡាករ យី គាវីរៈ, ប៉ិល វណ្ណី, ឌឹម សំសម្បត្តិ, ចន ម៉ាដា, សាយ សុចិត្រា កីឡាការិនី រិន សុធារី, ម៉េត ម៉ារីយ៉ាន, យាន សុខឿន, ជិន ស្រីឡូយ, យី ម៉េងជួង, បូរ ទីងហ៊ុយ, ឃនសាត ពេជ្របូណ៌មី និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា ហើយលោក ជា ប៊ុនហេង ជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ។

អត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជាទាំង១៣នាក់នេះ នឹងត្រូវបែងចែកការប្រកួតជា២ផ្នែក គឺផ្នែកមនុស្សធំ និងយុវជន ក្នុងនោះផ្នែកមនុស្សធំ មានប្រកួតនៅលើវិញ្ញាសាឯកត្តជន(បុរស-នារី) វាយគូ (បុរស-នារី) វាយគូចម្រុះ (ស្រី១ និងបុរស១) រីឯផ្នែកយុវជន មានតែការប្រកួតវិញ្ញាសាឯកត្តជន(បុរស-នារី)ទេ៕

កែសម្រួលដោយ៖ ​Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.