v9

ក្រុមតំណាង E-Sport ចង់ឲ្យអន្តរជាតិ ឃើញពីភាពខ្លាំងរបស់កម្ពុជា

6 months ago​ | ដោយ V-Dara

ក្រុមកីឡាអេឡិចត្រនិក (E-Sport) ឈ្មោះថា Revenge Team ដែលជាក្រុមតំណាងឲ្យកម្ពុជា ត្រូវទៅចូលរួមការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ Hyperplay នៅប្រទេសសិង្ហបុរី នាពេលខាងមុខនេះ បានប្តេជ្ញាចិត្ត ត្រូវរៀបចំបង្កើនការហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង ដើម្បីនាំយកទិចនិកថ្មីៗ ទៅបង្ហាញឲ្យប្រទេសនានា បានឃើញពីសមត្ថភាពរបស់ក្រុមកម្ពុជា។

កីឡាករ ពៅ វិសាល ហៅ ខេន ដែលជាប្រធានក្រុម Revenge Team បាននិយាយថា៖ «កន្លងមកនេះ យើងមានការលំបាកដែរ ក្នុងការមកជួបជុំគ្នាហ្វឹកហាត់ ព្រោះម្នាក់ៗសុទ្ធតែមានការរវល់រៀងៗខ្លួន ប៉ុន្តែសម្រាប់រយៈពេល ២ខែ មុនចេញទៅប្រកួតនៅសិង្ហបុរីនេះ ពួកយើងនឹងព្យាយាមរកពេលជួបជុំគ្នាហ្វឹកហាត់ឲ្យបានច្រើនជាងនេះ ដើម្បីកែប្រែនូវចំណុចខ្វះខាត»។

កីឡាករវ័យក្មេងដដែលនេះ បានបញ្ជាក់ថា៖ «យើងនឹងខំប្រឹងធ្វើឲ្យបានល្អជាងនេះ ហើយខ្ញុំសង្ឃឹមថា យើងនឹងអាចនាំយកបទពិសោធ និងទិកនិចថ្មីៗ ដែលកើតចេញពីការខំប្រឹងហ្វឹកហាត់រួមគ្នារបស់ពួកយើង ទៅបង្ហាញនៅលើឆាកអន្តរជាតិ ឲ្យគេបានស្គាល់ថា ក្រុមកីឡាអេឡេចត្រូនិកកម្ពុជា មានសមត្ថភាព ខ្លាំងកម្រិតណា?»។

ការលើកឡើងប្រកបដោយភាពជឿជាក់របស់ ពៅ វិសាល ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុម Revenge Team បានយកឈ្នះក្រុម Team Spirit ២-០ ក្នុងការប្រកួតផ្តាច់ព្រ័ត្រកីឡា កីឡាអេឡិចត្រូនិក League Of Legends ឆ្នាំ២០១៨ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ហើយជ័យជម្នះនេះហើយ ដែលបានជួយឲ្យក្រុម Revenge Team ទទួលបានឱកាសទៅប្រកួតនៅលើឆាកអន្តរជាតិ ជាលើកដំបូង។

ក្រុមតំណាងឲ្យកម្ពុជា Revenge Team មួយនេះ នឹងត្រូវប្រឈមជាមួយក្រុមខ្លាំងៗតំណាងឲ្យប្រទេសចំនួន៩ទៀត ដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ Hyperplay នោះដែរ ក្នុងនោះមានម្ចាស់ផ្ទះសិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ ហើយព្រឹត្តិការណ៍ Hyperplay នឹងត្រូវធ្វើនៅកីឡដ្ឋាន Indoor Stadium នាថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០១៨៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.