v9

ក្រុមគុនដាវកម្ពុជា នាំយកមេដាយកម្រិតអាស៊ីចំនួន៥ មកដល់កម្ពុជា

4 months ago​ | ដោយ V-Dara

ក្រុមអត្តពលិកគុនដាវកម្ពុជា បានបង្កើតស្នាដៃថ្មីមួយទៀត តាមរយៈការឈ្នះបានមេដាយប្រាក់១ និងសំរឹទ្ធ៥ ពីការប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី Asian Varsity Fencing Championship លើកទី១៧ នៅប្រទេសសិង្ហបុរី ហើយប្រតិភូមួយក្រុមនេះ បាននាំយកមេដាយទាំង៥នេះ មកដល់កម្ពុជា កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។

យ៉ាងណាក៏ដោយ លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា ហាក់នៅមិនអស់ចិត្ត ដែលក្រុមគុនដាវរបស់លោក មិនអាចដណ្តើមបានមេដាយមាស។ លោកនិយាយថា «អ្វីដែលយើងមិនទទួលបានមេដាយមាស គឺការត្រៀមរបស់យើង និងការស្មានរបស់យើង វាខុសទៅនឹងគោលដៅបន្ដិច»។

លោកបានបន្ថែមថា៖ «យើងមិនបានគិតថា កីឡាករជម្រើសជាតិរបស់សិង្ហបុរី ចូលរួមក្នុងការប្រកួតហ្នឹងនោះទេ ប៉ុន្តែពួកគេបែរជាមកចូលរួមប្រកួត តំណាងឲ្យសាកលវិទ្យាល័យមួយ ហើយពេលប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ ក្រុមកីឡាកររបស់យើង បានចាញ់ក្រុមកីឡាករជម្រើសជាតិរបស់សិង្ហបុរីទាំងនោះ ទើបយើងទទួលបានត្រឹមមេដាយប្រាក់ ព្រោះសិង្ហបុរីមានកីឡាករច្រើន ហើយប្រភេទកីឡាគុនដាវរបស់ប្រទេសនេះ បានឈានដល់ការប្រកួតអូឡាំពិកទៅហើយ»។

បើតាមលោក សុខ អាង គឺការប្រកួត Asian Varsity Fencing Championship លើកទី១៧ នៅប្រទេសសិង្ហបុរី ដែលត្រូវបានធ្វើឡើង៣ថ្ងៃ គឺថ្ងៃទី២ ដល់ទី៤ ខែមិថុនា នោះមានក្រុមកីឡាករ កីឡាការិនីតំណាងឲ្យសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន១៩ បានចូលរួម ក្នុងនោះកម្ពុជា មានកីឡាករ៦នាក់ និងកីឡាការិនី ៣ នាក់។

ជាលទ្ធផល នៃការប្រកួតកម្រិតអាស៊ីនោះ ក្រុមដាវតូចរបស់កម្ពុជា មានកីឡាករ ជឹម ធារ៉ា, ឃឹម សាមាន, ថុង តាំងជីន និងកីឡាករ សំ សិទ្ធិបញ្ញា ទទួលបានមេដាយប្រាក់ ក្រោយចាញ់ក្រុមសិង្ហបុរី នៅវគ្គផ្តាច់ព្រ័ត្រ។ រីឯវិញ្ញាសាជាក្រុមនារីដាវធំ ដែលមានកីឡាការិនី យី លីហ្សា, ជុំ សុវណ្ណារ៉ុង និង រៀម ចាន់ដារ៉ារស្មី ទទួលបានមេដាយសំរឹទ្ធ ហើយវិញ្ញាសាដាវកាប់ជាក្រុម របស់កីឡាការិនី យី លីហ្សា, ជុំ សុវណ្ណារ៉ុង និង រៀម ចាន់ដារ៉ារស្មី ក៏ទទួលបានមេដាយសំរឹទ្ធដែរ ខណៈមេដាយសំរឹទ្ធ២ទៀត គឺកម្ពុជា ដណ្ដើមបានលើវិញ្ញាសាឯកត្តជនដាវធំ និងវិញ្ញាសាក្រុមដាវធំ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.