v9
V9BET

អ្នកលេងគុនខ្មែរ ១៧នាក់ ឈ្នះថ្ងៃបើកឆាក ក្នុងកីឡាជាតិ ឯ ពេជ្រ សីហា ប៉ះ អ៊ុំ ចំរើន ថ្ងៃនេះ

1 year ago​ | ដោយ V-Dr

អ្នកប្រដាល់ចំនួន ១៧នាក់ ដែលប្រកួតតំណាងឲ្យខេត្ត និងស្ថាប័នផ្សេងៗ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ឆ្នាំ២០១៨ កាលពីថ្ងៃពុធ ម្សិលមិញ បានយកឈ្នះលើគូប្រកួតរៀងៗខ្លួន ដើម្បីបន្តដំណើរឡើងទៅប្រកួតវគ្គបន្ត។ ចំណែកការប្រកួតនៅថ្ងៃព្រហស្បតិ៍នេះ កីឡាករជំនាញប្រើកណ្តាប់ដៃដូចគ្នាគឺ ពេជ្រ សីហា និង អ៊ុំ ចំរើន ត្រូវប៉ះគ្នា ក្នុងការប្រកួតជុំទី១ តែម្តង។

ពេជ្រ សីហា របស់ក្រសួងមហាផ្ទៃ នឹងត្រូវប្រកួតជាមួយ អ៊ុំ ចំរើន របស់រាជធានីភ្នំពេញ ក្នុងទម្ងន់៧១គីឡូក្រាម ហើយរវាងអ្នកទាំង២នេះ គឺអ្នកឈ្នះ នឹងត្រូវឡើងទៅវគ្គបន្ត ឯអ្នកចាញ់ត្រូវធ្លាក់ពីការប្រកួតនេះតែម្តង។ ចំណែកជើងខ្លាំង ម៉ឺន សុភា ត្រូវវ៉ៃក្នុងទម្ងន់៧១គីឡូក្រាមនេះដែរ ដោយរូបគេត្រូវជួបកីឡាករ ខា សុផាន់នី របស់ខេត្តបន្ទាយមានជ័យ។ រីឯ ថុល មករា ត្រូវតទល់នឹង ធី តុងហ៊ី ក្នុងទម្ងន់៧១គីឡូក្រាម នៅថ្ងៃនេះដែរ។

បន្ថែមទៅលើគូជក់ចិត្ត៣គូខាងលើកនេះ កីឡាករមានឈ្មោះបោះសំឡេងចំនួន៥នាក់ទៀត មានម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន, ឈុត វ៉ាន់ថង (ឈុត សេរីវ៉ាន់ថន), សុខ ធី, សែម ណាង (ឡុង សំណាង) និងកីឡាករ ពុយ វណ្ណៈ ក៏ត្រូវប្រកួតជម្រុះលើកទី១ ទៅតាមប្រភេទទម្ងន់រៀងៗខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ផងដែរ ដើម្បីស្វែងរកឱកាស ឡើងទៅវគ្គបន្ត៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.