v9

កីឡា ១៤ប្រភេទ ចាប់ប្រជែងរកមេដាយ ការប្រកួតកីឡាជាតិ ខណៈមហាផ្ទៃ រំពឹងបានលេខ១

7 months ago​ | ដោយ V-Dara

ក្រុមអត្តពលិកតំណាងឲ្យប្រភេទកីឡាចំនួន១៤ ក្នុងចំណោម ២៧ប្រភេទកីឡា បាននឹងកំពុងចាប់ផ្តើមប្រកួតប្រជែងរកមេដាយ ក្នុងការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ខណៈក្រសួងមហាផ្ទៃ មានរំពឹងថា នឹងដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងនាមជាអ្នកឈ្នះបានមេដាយមាសច្រើន ក្នុងព្រឹត្តិការណ៍នេះ។

បើទោះបីជាការប្រកួតកីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦ ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមានត្រឹម៣២ គឺតិចជាងរាជធានីភ្នំពេញ និងឈរនៅលេខរៀងទី២ ប៉ុន្តែសម្រាប់ការប្រកួតកីឡាជាតិ លើកទី២នេះ ក្រសួងមហាផ្ទៃ រំពឹងឈ្នះមេដាយមាសចន្លោះពី៨០ទៅ១០០មេដាយឯណោះ។

លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ថា៖ «សម្រាប់ការប្រកួតកីឡាជាតិ លើកទី២នេះ យើងមានការប្តេជ្ញា និងសង្ឃឹមជឿជាក់ថា នឹងដណ្តើមបានចំណាត់ថ្នាក់លេខ១ ហើយយើងអាចនឹងដណ្តើមបានមេដាយមាសចន្លោះពី៨០ទៅ១០០មេដាយ ព្រោះយើងត្រៀមលក្ខណៈសម្បត្តិបានល្អ ហើយយើងបានសម្រិតសម្រាំងយកតែអត្តពលិកល្អៗ ក្នុងនោះភាគច្រើនជាកីឡាករចម្រើសជាតិ»។

គួររំឭកថា សម្រាប់ការប្រកួតកីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានបញ្ជូនតែ៩ប្រភេទកីឡា ក្នុងចំណោម១៥ប្រភេទកីឡា ចូលរួមប្រកួត ដោយមានអត្តពលិកជាង១០០នាក់ ប៉ុន្តែលើកនេះ មហាផ្ទៃ បានដាក់២២ប្រភេទកីឡា ទៅប្រកួត និងមានអត្តពលិកចំនួន២៣៨នាក់ គឺមានការកើនឡើងជាងពាក់កណ្តាល។

ចំពោះប្រភេទកីឡាទាំង២២ ដែលក្រសួងមហាផ្ទៃ ដាក់ឲ្យប្រកួតប្រជែង ក្នុងកីឡាជាតិ លើកទី២នេះ មានបាល់បោះ(បុរស) បាល់ទះ(បុរស) សីដក់ វ៉ូវីណាម តេក្វាន់ដូ(WTF) សូហ្វតិន្នីស វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ សូរិនហ្ស៊ិកាំប៉ូ ប្រដាល់សកល ប្រដាល់គុនខ្មែរ ល្បុក្កតោ បាញ់កាំភ្លើង ការ៉ាតេដូ កាយសម្ព័ន្ធ ប៉េតង់ ទ្រីយ៉ាត្លុង ហែលទឹក អត្តពលកម្ម និងកីឡាបេស្បល គឺអត់មានតែបាល់ទាត់បុរស បាល់ទាត់នារី តេក្វាន់ដូ (ITF) បាល់បោះនារី និងបាល់ទះនារី ប៉ុណ្ណោះ។

យ៉ាងណាមិញ សម្រាប់ការប្រកួតបើកឆាក កីឡាជាតិ លើកទី២ នៅថ្ងៃសុក្រនេះ មាន១៤ប្រភេទកីឡា ក្នុងនោះមាន អត្តពលកម្ម ហែលទឹក វាយសី បាល់បោះបុរស បាល់ទាត់បុរស ចំបាប់ តេក្វាន់ដូ ITF វាយកូនបាល់ បាល់ទះក្នុងសាលបុរស បាល់ទះក្នុងសាលនារី ប៉េតង់ វ៉ូវីណាម យូដូ និងសីដក់៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.