v9

ក្រុម U18 កម្ពុជា ផ្តួល គិរីវង់ ប្រមូលពានហ៊ុនសែន ថ្នាក់ខេត្ត មុនប្រជែងកម្រិតថ្នាក់ជាតិ

3 months ago​ | ដោយ V-Dara

ក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ (U18កម្ពុជា) បានវាយបកយកឈ្នះក្រុមគិរីវង់អេហ្វស៊ី ២-១ ទាំងលំបាក ដើម្បីលើកពានថ្នាក់ខេត្ត នៃការប្រកួតដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ នៅកីឡដ្ឋានស្តាតចាស់ កាលពីយប់ថ្ងៃពុធ ម្សិលមិញ។

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ សៀន គន្ធា ដែលត្រូវបានលោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគិរីវង់ ចាត់ទុកថា ជាតួឯកក្នុងក្រុម U18កម្ពុជា នោះ គឺមិនមែនជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមU18 កម្ពុជា នោះទេ គឺគេបានត្រឹមបញ្ជូនបាល់ទៅឲ្យមិត្តរួមក្រុមប៉ុណ្ណោះ ខណៈគិរីវង់ បានព្យាយាមបិទគេរហូតនោះ។

ការលើកបាល់បានយ៉ាងល្អ តាមរយៈការទាត់បាល់ហ្វ្រីកឃីតរបស់កីឡាករ សុច រដ្ឋា បានជួយឲ្យខ្សែប្រយុទ្ធជើងចាស់របស់ក្រុមគិរីវង់ អ៊ិន វិច្ឆិការ អាចរត់ទៅទាត់បាល់ ដែលហោះផុតដៃអ្នកចាំទីនោះ បញ្ចូលទីយ៉ាងល្អ ដើម្បីជួយឲ្យក្រុមគិរីវង់អេហ្វស៊ី នាំមុខក្រុម U18កម្ពុជា ១-០ តាំងពីនាទីទី៥។

យ៉ាងណាក៏ដោយ ការបញ្ជូលបាល់យ៉ាងស្អាតរបស់ សៀន ចន្ធា បានផ្តល់ឱកាសឲ្យ ឡុង ម៉េងហាវ ស៊ុតបាល់បំប៉ោងសំណាញ់ក្រុមគិរីវង់ ជួយឲ្យក្រុម U18កម្ពុជា តាមស្មើ ១-១ នៅនាទីទី២៤ ហើយ ឡុង ម៉េងហាវ ដដែល ជាអ្នកលើកបាល់ ដើម្បីឲ្យ សៀន សុភក្ត្រា តែតបញ្ចូលទី១គ្រាប់ទៀត នៅនាទីទី៤៩។

ការយកឈ្នះក្រុមគិរីវង់ ២-១ នេះបានជួយឲ្យក្រុមថ្នាលរបស់កម្ពុជាអាយុក្រោម១៨ឆ្នាំមួយនេះ លើកពានថ្នាក់ខេត្ត អមជាមួយប្រាក់រង្វាន់១៥លានរៀល ខណៈក្រុមជើងឯករង គិរីវង់អេហ្វស៊ី បានតែ៧,៥លានរៀងប៉ុណ្ណោះ។

បន្ថែមលើនេះ ហ៊ុល គឹមហ៊ុយ បានទទួលពានអ្នកចាំទីល្អ ឯលោក Musashi Mizushima គ្រូបង្វឹកក្រុម U18 បានទទួលពានជាគ្រូបង្វឹកឆ្នើម ខណៈខ្សែប្រយុទ្ធ កែវ ណារ៉ូ ជាប់ឈ្មោះជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ហើយសមាជិកក្រុមU18កម្ពុជាទាំង៣នាក់នេះ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ៥០ម៉ឺនរៀលដូចគ្នា។

យ៉ាងណាក៏ដោយទាំងក្រុមU18កម្ពុជា និងក្រុមគិរីវង់អេហ្វស៊ី នៅមិនទានអស់ភារកិច្ច សម្រាប់ការប្រកួតក្នុងពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ២០១៨នោះទេ គឺក្រុមទាំង២នេះ នឹងត្រូវបន្តទៅប្រកួតនៅវគ្គខ្វែង១៦ក្រុមថ្នាក់ជាតិ បន្តទៀត ដែលបានចាប់ឆ្នោតរួចហើយ ក្នុងនោះ U18កម្ពុជា ត្រូវប៉ះក្រុមខេត្តកោះកុង ហើយគិរីវង់អេហ្វស៊ី ត្រូវជួបក្រុមប៉ូលិស៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.