v9
V9BET

កីឡាជាតិ លើកទី២ សាកល្បងពិធីបើក លើកចុងក្រោយ ល្ងាចនេះ

1 year ago​ | ដោយ V-Dr

ការប្រកួតកីឡាជាតិ លើកទី២ ឆ្នា២០១៨ នឹងត្រូវរៀបចំពិធីបើកសាកល្បងលើកចុងក្រោយ នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃពុធនេះ មុនពេលប្រារព្ធពិធីបើកលក្ខណៈទ្រង់ទ្រាយធំ ជាផ្លូវការ នៅថ្ងៃសុក្រ ចុងសប្តាហ៍នេះ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជាអ្នកទទួលរ៉ាប់រងលើការរៀបចំពិធីបើក និងបិទកីឡាជាតិនេះ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត បានរៀបចំពិធីបើកសាកល្បង ២លើកមកហើយ កាលពីថ្ងៃទី១៩ និងថ្ងៃទី២១ ខែឧសភា កន្លងមកនេះ ហើយនៅថ្ងៃនេះ ជាការសាកល្បងលើកចុងក្រោយ។

បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ពិធីក្រុងពលី ការប្រកួតកីឡាជាតិ លើកទី២នេះ នឹងត្រូវធ្វើឡើង នៅម៉ោង៤ ថ្ងៃពុធនេះដែរ ហើយលោកក៏បានប្រាប់ដែរថា តាមរយៈការសាកល្បងចំនួន២ដងកន្លងមកនេះ គឺគ្រប់ភាគីពាក់ព័ន្ធ ដែលនឹងត្រូវចូលរួមពិធីបើក និងបិទ កីឡាជាតិ ខាងមុខនេះធ្វើបានល្អចូល៩០ភាគរយ គឺនៅខ្វះខាតតែបន្តិចបន្តួចប៉ុណ្ណោះ។

នៅក្នុងការសាកល្បងចុងក្រោយនេះ គឺគ្រប់ភាគីពាក់ព័ន្ធ នឹងត្រូវបង្ហាញវត្តមានទាំងអស់ ជាមួយឯកសណ្ឋាន ស្រដៀងគ្នាទៅនឹងពិធីបើកផ្លូវការអ៊ីចឹងដែរ ហើយកីឡាករ ឃីម ឌីម៉ា ដែលត្រូវទទួលភ្លើងគប់ដោយផ្ទាល់ពីព្រះមហាក្សត្រ រួមជាមួយ ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម រួមជាមួយអត្តពលិកមានស្នាដៃជាច្រើនទៀត ដែលត្រូវរត់ភ្លើងគប់ ក៏ត្រូវចូលរួមសាកល្បងនេះផងដែរ ដើម្បីធ្វើឲ្យមានភាពប្រាកដ ទៅតាមអ្វីដែលពួកគាត់ត្រូវធ្វើ នៅក្នុងពិធីបើក ជាផ្លូវការ។

ទាក់ទងនឹងការសាកល្បងលើកចុងក្រោយនេះ លោក វ៉ាត់ ចំរើន បានប្រាប់ថា៖ «ការសមលើកចុងក្រោយនេះ យើងប្រើជាសម្លៀកបំពាក់ឯសណ្ឋាន និងទ្រង់គ្រឿង ដែលមានលក្ខណៈស្រដៀង និងលំនាំទៅនឹងពិតប្រាកដ ទាំងសំឡេង Live និងការបាញ់ភ្លើង និងកាំជ្រួចខ្លះផងដែរ ដើម្បីឲ្យសមហ្នឹង វាពិតប្រាកដទៅតាមដំណាក់កាលរបស់វា»។
លោកបានបន្ថែមថា៖«ចំណែកការសមរត់ភ្លើងគប់ ពីព្រះបរមរាជវាំងមក ក៏ត្រូវសមដែរ ប៉ុន្តែសមមិនគគ្រឹកគគ្រេងទេ គ្រាន់តែសមឲ្យដឹងពីតួនាទី និងពេលវេលាច្បាស់លាស ពីព្រះបរម្យរាជវាំង ចូលមកពហុកីឡដ្ឋានជាតិនេះ តើត្រូវកាត់តាមផ្លូវណា ហើយត្រូវរៀបចំធ្វើការបណ្តាក់គ្នាយ៉ាងម៉េច និងប្រគល់ភ្លើងឲ្យគ្នាយ៉ាងម៉េច?
»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.