v9

ក្រុមជើងឯកស្វាយរៀង ប៉ះវិសាខា ប៉ុន្តែ ណាហ្គាវើល និងក្រុមថ្នាលU18 សុទ្ធជួបសំណាង

3 months ago​ | ដោយ V-Dara

លទ្ធផលនៃការចាប់ឆ្នោតវគ្គខ្វែង ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ ដែលត្រូវបានធ្វើឡើង នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកមិញនេះ ក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ត្រូវប៉ះជាមួយក្រុមខ្លាំង វិសាខា ប៉ុន្តែក្រុមជើងឯករង ណាហ្គាវើល និងសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ(ក្រុមថ្នាល U18) សុទ្ធតែបានជួបសំណាង ខណៈក្រុមទាំង២ ចាប់ឆ្នោតប៉ះក្រុមដែលមានកម្រិតលេងទាបជាងខ្លួននោះ។

ការចាប់ឆ្នោតប៉ះក្រុមវិសាខា ក្នុងវគ្គ ១៦ក្រុមនេះ វាកំពុងតែធ្វើឲ្យក្រុមស្វាយរៀង ស្ថិតក្នុងភាពមិនប្រាកដ ក្នុងការស្វែងរកឱកាសឡើងទៅវគ្គបន្ត ដើម្បីការពារតំណែងជើងឯករបស់ខ្លួន ព្រោះក្រុមចំណូលថ្មី វិសាខា មានទម្រង់លេងល្អ ដែលអាចនឹងធ្វើឲ្យក្រុមស្វាយរៀង ជួបការសង្វែគ ក៏ថាបាន។

ផ្ទុយពីនេះ ក្រុមណាហ្គាវើល ត្រូវជួបក្រុមខេត្តកំពត ស្របពេលក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ បានចាប់ឆ្នោតប៉ះក្រុមខេត្តកោះកុង ដែលពួកគេធ្លាប់យកឈ្នះ ៥-២ និងបន្តឈ្នះ ២-១ ក្នុងវគ្គជម្រុះថ្នាក់ខេត្ត កន្លងមកនេះ។ ហេតុនេះទាំងណាហ្គាវើល និងក្រុមថ្នាលU18 មានភាគរយខ្ពស់ ក្នុងការឆ្លងផុតវគ្គ១៦ក្រុមថ្នាក់ជាតិនេះ ដូចគ្នា។

ចំពោះលទ្ធផលការចាប់ឆ្នោតគូផ្សេងទៀត ក្រុមអគ្គិសនីកម្ពុជា ត្រូវជួបក្រុមភ្នំពេញក្រោន ឯក្រុមបឹងកេត ត្រូវប៉ះក្រុមវេស្ទើន។ ចំណែកក្រុមសូលទីឡូអង្គរ បានចាប់ឆ្នោតប៉ះក្រុមអង្គរថាយហ្គឺរ ខណៈក្រុមក្រសួងការពារជាតិ ជួបក្រុមអាស៊ីអឺរ៉ុប ហើយក្រុមគិរីវង់អេសហ្វី ត្រូវប្រឈមជាមួយក្រុមប៉ូលិស។

គួរបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិ ពានសម្តេចហ៊ុនសែន ឆ្នាំ២០១៨នេះ នឹងត្រូវធ្វើការប្រកួត២ជើង ក្នុងនោះជើងទី១ ត្រូវធ្វើនៅថ្ងៃទី១១ ខែកក្កដា ឯជើងទី២ ធ្វើនៅថ្ងៃទី១៨ ខែកក្កដា ហើយក្រុមឈ្នះចំនួន៨ក្រុម នឹងត្រូវឡើងទៅប្រកួតនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ជាបន្តទៀត៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.