v9

លោក Moyes ចាកចេញពីក្លិប West Ham បើទោះបីជួយឲ្យពួកគេបន្តជីវិតក្នុង Premier League

3 months ago​ | ដោយ V-Dara

ក្លិប West Ham United បានចែកផ្លូវជាមួយនឹងអ្នកចាត់ការទូទៅរបស់ខ្លួនគឺលោក David Moyes ដែលបានជួយឲ្យក្លិបនេះមានសុវត្ថិភាពក្នុងការបន្តជីវិតក្នុងក្របខ័ណ្ឌ Premier League ក្រោយពីចូលជំនួសកន្លែងរបស់លោក Slaven Bilic ក្នុងកិច្ចសន្យារយៈពេលខ្លីកាលពីខែវិច្ឆិកា។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិប West Ham ដែលបានប្រកាសពីការចាកចេញរបស់លោក Moyes បានបញ្ជាក់ថា ក្លិបនេះ ចង់ចាប់ផ្តើមនូវទិសដៅផ្សេងគ្នាមួយ។ លោក Moyes បានចូលកាន់តំណែងក្នុងពេលក្រុម West Ham ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨ ក្រោយពីពីជួបភាពត្រដាបត្រដួសនៅដើមរដូវកាលក្រោមការដឹកនាំរបស់លោក Bilic ដោយនៅពេលនោះពួកគេដណ្តើមបានជ័យជម្នះត្រឹមតែ ២លើកគត់ ក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីកទាំង ១១ប្រកួតដំបូងរបស់ពួកគេ។

លោក Moyes ដែលជាអតីតអ្នកចាត់ការទូទៅរបស់ក្លិប Everton និង Manchester United បានជួយឲ្យក្រុមញញួរធំបញ្ចប់ក្នុងទីតាំងដ៏រឹងមាំ ហើយការដណ្តើមបានជ័យជម្នះលើក្រុម Everton កាលពីថ្ងៃអាទិត្យ មានន័យថា ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៣ នៅលើតារាង ក្នុងរដូវកាលនេះ។ លោក Moyes បានទទួលជ័យជម្នះការប្រកួតចំនួន ៩លើកក្នុងចំណោមការប្រកួតទាំង ៣១លើករបស់លោកក្នុងនាមជាគ្រូបង្វឹក។ សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធ បានបញ្ជាក់ថា គ្រូបង្វឹកជំនួយរបស់លោក Moyes គឺលោក Alan Irvine លោក Stuart Pearce និង Billy McKinlay ក៏បានចាកចេញផងដែរ។ លោក David Sullivan សហប្រធានក្លិប West Ham បានឲ្យដឹងថា៖ «ខ្ញុំចង់ធ្វើការថ្លែងអំណរគុណដល់លោក David Moyes និងក្រុមការងាររបស់លោកសម្រាប់ការសម្រេចបាននូវគោលនៃការជួយឲ្យ West Ham United បន្តស្ថិតនៅក្នុងក្របខ័ណ្ឌ Premier League»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.