v9

Griezmann ជួយឲ្យ Atletico Madrid លើកពាន Europa League

1 week ago​ | ដោយ V-Dara

Antoine Griezmann បានក្លាយជាវីរបុរសសម្រាប់ក្រុម Atletico Madrid ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្នុងពេលពួកគេទទួលជ័យជម្នះ ៣-០ លើក្រុម Marseille ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃពុធ ដើម្បីអនុញ្ញាតឲ្យក្លិបរបស់គេឈ្នះពានជាលើកទី៣ ក្នុងរយៈពេល ៩រដូវកាល។

វាជាការឈ្នះពានរង្វាន់ធំជាលើកទី១ របស់ Griezmann ក្នុងនាមជាកីឡាកររបស់ក្រុម Atletico និងជាការបញ្ចប់ដ៏រីករាយមួយ ប្រសិនបើរូបគេនឹងត្រូវចាកចេញនៅចុងរដូវកាលនេះ ខណៈដែលក្រុម Barcelona ត្រូវបានចាត់ទុកថា ជាគោលដៅបន្ទាប់របស់គេ។ Griezmann ដែលបានចម្រើនវ័យក្នុងទីក្រុង Macon ពោលគឺមានចម្ងាយពីទីក្រុង Lyon ចំនួន ៧០គីឡូម៉ែត្រនោះ បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ក្នុងតង់ទីនីមួយៗ ខណៈដែលគ្រាប់បាល់របស់គេបានកើតឡើងនៅចន្លោះពេលដែលក្រុម Marseille បានបាត់បង់ខ្សែបម្រើដ៏មានឥទ្ធិពល Dimitri Payet ដោយសារតែបញ្ហារបួស។

បច្ចុប្បន្ន Griezmann រកបាន ២៩គ្រាប់សម្រាប់រដូវកាលនេះ ខណៈដែលគ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ Gabi បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនតែម្តង។ Griezmann ដែលបានចំណាយពេលក្នុងអាជីពទាំងមូលដរបស់គេក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែ បានឈ្នះតែពាន Spanish Super Cup ១លើកនោះ បានប្រាប់កាសែត beIN Sports ថា៖ «នេះគឺជារង្វាន់សម្រាប់ខ្ញុំ ក្រោយពីខ្ញុំបានចាកចេញពីផ្ទះក្នុងវ័យ១៤ឆ្នាំ សម្រាប់រាល់ការងារដែលខ្ញុំបានធ្វើ និងស៊ូទ្រាំ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77