v9

សុភ័ក ច័ន្ទឧត្តម ជម្នះបញ្ហាឈឺចាប់ ដើម្បីឈ្នះមេដាយមាស៣ និងពានឆ្នើម ជូនកម្ពុជា

2 weeks ago​ | ដោយ V-Dara

ការនាំយកមេដាយមាស៨ ប្រាក់៥ និងសំរឹទ្ធ៨ ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០១៨ នៅម៉ុងហ្គោលី របស់ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា វានៅតែក្លាយជាប្រធានបទដ៏សំខាន់ ដែលកំពុងចុកដោតក្នុងអារម្មណ៍របស់អ្នកគាំទ្រវិស័យកីឡានៅកម្ពុជា ព្រោះនេះជាលទ្ធផលប្រវត្តិសាស្រ្ត របស់ក្រុមតេក្វាន់ដូ ITF សម្រេចបាន ជាលើកដំបូង។

ជាមួយនឹងជ័យជម្នះដ៏ធំនេះ កីឡាករវ័យក្មេង សុភ័ក ច័ន្ទឧត្តម ដែលប្រកួតក្នុងក្រុមអាយុ ១១ដល់ ១៣ឆ្នាំ បានក្លាយជាបេក្ខភាព ដែលដណ្តើមបានមេដាយមាសច្រើនជាងគេឲ្យកម្ពុជា គឺមាស៣ ប្រាក់១ និងសំរឹទ្ធ១ ហើយរូបគេ ក៏ដណ្តើមបានពាន ជាកីឡាករយុវជនឆ្នើមនៅតំបន់អាស៊ីចន្លោះពីអាយុ១០ឆ្នាំដល់១៣ឆ្នាំ ផងដែរ។

ក្រោយការឈ្នះបានមេដាយមាស លើវិញ្ញាសាសម្តែងកាតាឯកត្តជន សុភ័ក ច័ន្ទឧត្តម បានរបួសដៃឆ្វេង នៅពេលរូបគេប្រកួតវិញ្ញាសាប្រយុទ្ធ ប៉ុន្តែយុវជនថ្នាលរូបនេះ បានជម្នះភាពឈឺចាប់របស់ខ្លួន ដើម្បីឈ្នះមេដាយមាស លើវិញ្ញាសាប្រយុទ្ធនេះ ព្រមទាំងបន្តឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១ទៀត។

នៅពេលរំឭកដល់រឿងនេះ សុភ័ក ច័ន្ទឧត្តម បាននិយាយថា៖ «ការឈឺដៃប៉ុណ្ណឹង វាមិនអីទេ ព្រោះខ្ញុំសប្បាយចិត្តជាមួយនឹងការឈ្នះបានមេដាយមាស ហើយការឈ្នះបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពានកីឡាករឆ្នើមនេះ បានលើកមុខមាត់ដល់ប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងរូបខ្ញុំ ខ្លាំងមែនទែន»។

កីឡាកររូបនេះ បានបន្ថែមថា៖«ខ្ញុំពិតជាមានការលំបាក នៅពេលខ្ញុំបានរបួសកែងដៃឆ្វេង ពេលប្រកួតវិញ្ញាសាប្រយុទ្ធនេះ ប៉ុន្តែខ្ញុំមានទឹកចិត្តខំប្រឹងហ្វឹកហាត់តាំងពីដើមមក ហើយលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ បានជំរុញលើកទឹកចិត្តដល់ខ្ញុំខ្លាំងមែនទែន ទើបខ្ញុំទទួលបានលទ្ធផលល្អបែបនេះ»។


យ៉ាងណាក៏ដោយ សុភ័ក ច័ន្ទឧត្តម ដែលបានចូលហ្វឹកហាត់កីឡាតេក្វាន់ដូ តាំងពីអាយុ៩ឆ្នាំនោះ បានប្តេជ្ញាចិត្ត ដណ្តើមមេដាយមាសឲ្យបានច្រើនជាងនេះ នៅថ្ងៃអនាគត។ ច័ន្ទឧត្តម បានបញ្ជាក់ថា៖ «ខ្ញុំប្តេជ្ញាថា លើកក្រោយ បើខ្ញុំបានចេញទៅប្រកួតនៅលើឆាកអន្តរជាតិទៀត ខ្ញុំនឹងខំប្រឹងធ្វើឲ្យបានល្អជាងនេះទៀត»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77