v9

លោក Simeone រំឭកឲ្យ Atletico ប្រុងប្រយ័ត្នចំពោះ Payet ក្នុង Europa League រាត្រីនេះ

2 weeks ago​ | ដោយ V-Dara

លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico Madrid កំពុងតែព្រួយបារម្ភចំពោះការគំរាមដែលត្រូវបានបង្កើតឡើងដោយខ្សែបម្រើប្រយុទ្ធដ៏មានឥទ្ធិពល Dimitri Payet របស់ក្រុម Marseille ប៉ុន្តែ ជឿជាក់ថា បទពិសោធក្នុងក្រុមរបស់លោក នឹងក្លាយជាកត្តាដ៏សំខាន់សម្រាប់ការប្រកួតក្របខ័ណ្ឌ Europa League នៅរាត្រីនេះ។

ក្នុងសន្និសិទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ នៅមុនពេលការប្រកួតក្នុងទីក្រុង Lyon របស់បារាំង លោក Simeone បានឲ្យដឹងថា៖ «បទពិសោធគឺជាកត្តាដ៏សំខាន់មួយ បើទោះបីវាមិនមានឥទ្ធិពលទាំងស្រុងក្នុងការប្រកួតក៏ដោយ»។ ក្រុម Atletico ដែលរឹងមាំក្នុងតំបន់ការពារ និងមុតស្រួចក្នុងតំបន់ប្រយុទ្ធ ក្រោមជំនួយដ៏ធំពីសំណាក់តារាឆ្នើម Antoine Griezmann នោះ គឺជាក្រុមមានក្តីសង្ឃឹមច្រើនជាងក្នុងការឈ្នះពាន ក្រោយពីបានឈ្នះពានក្របខ័ណ្ឌ Europa League ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ ហើយក៏ចាញ់ទាំងប្រផិតប្រផើយក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុម Real Madrid ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៦ ផងដែរ។

ប៉ុន្តែ ក្រុម Marseille របស់លោក Rudi Garcia បានធ្វើឲ្យលោក Simeone ចាប់អារម្មណ៍ ក្នុងពេលពួកគេឈានទៅវគ្គផ្តាច់ព្រ័ត្រ ជាលើកទី១ក្នុងរយៈពេល ១៤ឆ្នាំ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ពួកគេមានការជឿជាក់លើខ្លួនឯង ហើយយើងត្រូវតែបង្ហាញពីភាពស៊ីចង្វាក់របស់យើង ក្នុងពេលប្រកួតនេះ។ យើងមានក្រុមស្រដៀងគ្នា ហើយវានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ»។ តំបន់ការពាររបស់ក្រុម Atletico មានភាពរឹងមាំបំផុតក្នុងទ្វីបអឺរ៉ុប ដោយពួកគេបានរបូតគ្រាប់បាល់ត្រឹមតែ ២០គ្រាប់គត់ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga នៅរដូវកាលនេះ ហើយក្រុមរបស់លោក Simeone នឹងត្រូវតែទប់ស្កាត Payet ដើម្បីរារាំងមិនឲ្យ Marseille ឈ្នះពានអឺរ៉ុបជាលើកទី២ បើគិតចាប់តាំងពីពួកគេបានឈ្នះពាន Champions League ឆ្នាំ១៩៩៣។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ១:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asian

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77