v9

ក្រុមតេក្វាន់ដូ ITF កម្ពុជា នាំមេដាយ មកដល់មាតុប្រទេស ក្រោយបង្កើតប្រវត្តិសាស្រ្តថ្មី នៅម៉ុងហ្គោលី

2 weeks ago​ | ដោយ V-Dara

ក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា បាននាំយកជ័យជម្នះដ៏ធំ មកដល់មាតុប្រទេសវិញ កាលពីថ្ងៃអង្គារ ម្សិលមិញ បន្ទាប់ពីក្រុមតំណាងឲ្យកម្ពុជាមួយនេះ បានបង្កើតប្រវត្តិសាស្រ្ត ក្នុងការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើន ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០១៨ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី នោះ។

តាមរយៈការប្រកួតជើងឯកអាស៊ី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ និងបានបញ្ចប់ កាលពីថ្ងៃទី១៥ ខែឧសភា កន្លងមកនេះ ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា បានឈ្នះមេដាយមាស៨ ប្រាក់៥ និងសំរឹទ្ធ៨ សរុបចំនួន២១មេដាយ ហើយបើគិតជាគ្រឿងវិញ គឺមេដាយមាស១៨ ប្រាក់១៣ និងសំរឹទ្ធ១៦គ្រឿង។

នៅក្នុងចំណោមមេដាយមាសទាំង១៨គ្រឿងនេះ កីឡាករវ័យក្មេង សុភ័ក ច័ន្ទឧត្តម បានមេដាយមាស ៣ម្នាក់ឯង ឯ ឃឿន ប៊ុនឡេង និង សុខ ស៊ូណាម បានមេដាយមាស ២ដូចគ្នា ហើយ កីឡាករ ប៉ាល់ ជីវ័ន, នេត្រ ហាក់លី, កាង ប៊ុនឡុង, ចេង រោងរាជ, កូយ មុទិតា, ម៉េត សុខមាន, សៀង អេងហ៊ុយ, ជា ច័ន្ទឡា, តាំង សៀសេង និង ស៊ុំ គង់ហេង សុទ្ធតែឈ្នះមេដាយមាស១ រៀងៗខ្លួន។

បន្ថែមលើការឈ្នះបានមេដាយមាស៨(១៨គ្រឿង) ប្រាក់៥(១៣គ្រឿង) និងសំរឹទ្ធចំនួន៨ (១៦គ្រឿង) នេះ ក្រុមតេក្វាន់ដូ ITF កម្ពុជា ក៏ទទួលបានពានមាសចំនួន២ទៀតផងដែរ គឺពានចំណាត់ថ្នាក់លេខ២លើផ្នែកយុវជនថ្នាល និងពានលេខ៣ផ្នែកយុវជនពេញវ័យ។

ចំណែកកីឡាករវ័យក្មេង សុភ័ក ច័ន្ទឧត្តម ដែលដណ្តើមបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ នោះទទួលបានពានកីឡាករយុវជនឆ្នើមនៅតំបន់អាស៊ីចន្លោះពីអាយុ១០ឆ្នាំដល់១៣ឆ្នាំ ហើយក្រៅពីនេះ អត្តពលិកកម្ពុជា ក៏បានឈ្នះពានឯកជនជាច្រើនទៀតផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវចំណាយថវិកា ៦៩៨,៦លានរៀល សម្រាប់ផ្តល់ជូនដល់អត្តពលិកកីឡាតេក្វាន់ដូ ITF ដែលដណ្តើមបានមេដាយមាស១៨ ប្រាក់១៣ និងសំរឹទ្ធ១៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលីនេះ ព្រោះយោងតាមអនុក្រឹត ដែលប្រកាសដោយអន្តរក្រសួង កាលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ គឺអ្នកឈ្នះបានមេដាយមាស កម្រិតជើងឯកអាស៊ី នឹងទទួលបាន១៦លានរៀល មេដាយប្រាក់១៣លានរៀល និងមេដាយសំរឹទ្ធ១១លានរៀល។

ចំពោះគ្រូបង្វឹក នឹងទទួលបានប្រាក់រង្វាន់ ស្មើម្ចាស់មេដាយមាស និងគ្រូជំនួយបាន៧០ភាគនៃមេដាយមាស ខណៈការប្រកួតនេះ កម្ពុជា បានបញ្ជូនអត្តពលិក២៤នាក់ ព្រមទាំងគ្រូបង្គោល២នាក់ និងគ្រូជំនួយ៣នាក់ ទៅចូលរួម ក្រោមការដឹកនាំរបស់លោក ឈួន ចាន់ថន៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77