v9

ក្រុមគិរីវង់ និងខេត្តកំពត សុទ្ធតែបង្ហាញការជឿជាក់ ប៉ុន្តែ ខេត្តកោះកុង អាចពិបាកទប់ក្រុមថ្នាល

2 weeks ago​ | ដោយ V-Dara

ក្រុមគិរីវង់អេហ្វស៊ី និងក្រុមខេត្តកំពត សុទ្ធតែបានបង្ហាញពីទំនុកចិត្ត ក្នុងការឈ្នះរៀងៗខ្លួន សម្រាប់ការវិលមកជួបគ្នា ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្នាក់ខេត្តពានរង្វាន់សម្តេចហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ នារសៀលថ្ងៃសៅរ៍នេះ ប៉ុន្តែក្រុមខេត្តកោះកុង អាចនឹងពិបាកក្នុងការទប់សាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ។

ក្នុងនាមជាក្រុមលេខ៤ល្អ ចេញមកពីពូលD ក្រុមខេត្តកំពត បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ទាំងត្រដាបត្រដួស ហើយការប្រកួតវគ្គជម្រុះកន្លងមក ខេត្តកំពត បានជួបនូវសំណាងរហូត ព្រោះចាប់ឆ្នោតប៉ះតែក្រុមមកពីខេត្តដូចគ្នា និងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះទាំង២លើក។

យ៉ាងណាក៏ដោយ ការជួបក្រុមគីរីវង់អេហ្វស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ អាចថា ជាការប្រកួតដ៏លំបាកមួយ ដែលក្រុមខេត្តកំពត បានជួប ប៉ុន្តែថ្នាក់ដឹកនាំក្រុមមួយនេះ បានប្រាប់ថា គ្មានការបារម្ភអីច្រើននោះទេ ចំពោះការជួបក្រុមគិរីវង់ លើកនេះ។

លោក ណុប ណាប់ អគ្គលេខាធិការក្លិបបាល់ទាត់ខេត្តកំពត បានប្រាប់ថា៖ «បើទោះបីជាក្រុមគិរីវង់ ធ្លាប់លេងនៅលីកកំពូលកម្ពុជា ប៉ុន្តែឈរនៅស្រទាបក្រោមដែរទេ អ៊ីចឹងការប្រកួតនេះ អាចមានទៅ មានមក ហើយយើងសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលល្អ បើទោះបីជា ការហ្វឹកហាត់របស់យើងមួយរយៈនេះ មិនសូវបានពេញ ដោយសារទីលាននៅខេត្តកំពត ជាប់ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ឆ្នាំ២០១៨ ក៏ដោយ»។

គួររំឭកថា ក្រុមគិរីវង់អេហ្វស៊ី ធ្លាប់ជាប់ឈ្មោះលេងនៅលីកកំពូលកម្ពុជា ច្រើនឆ្នាំមកហើយ គឺពួកគេទើបតែធ្លាក់ពីលីកកំពូល កាលពីឆ្នាំ២០១៧។ យ៉ាងណាក៏ដោយ លោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគិរីវង់អេហ្វស៊ី បានប្រាប់ថា នៅពេលនេះ គិរីវង់ បាននឹងកំពុងពង្រឹងគុណភាពលេង ដើម្បីប្រជែងបានកៅអីទៅលេង នៅលីកកំពូល ក្នុងឆ្នាំ២០១៩វិញ ហើយការជួបក្រុមខេត្តកំពត លើកនេះ គិរីវង់ រំពឹងឈ្នះ ដើម្បីបានឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

លោក ផាន់ ចាន់ផាត បាននិយាយថា៖ «យើងត្រៀមរួចរាល់អស់ហើយ ហើយក្រុមរបស់យើង តែងតែប្រកួតមិត្តភាពជាមួយក្រុមខេត្តកំពត ២ទៅ៣ដង ក្នុង១ឆ្នាំៗ និងឈ្នះរហូត អ៊ីចឹងការប្រកួតដ៏សំខាន់នេះ យើងមានសង្ឃឹមរហូតដល់៨០ភាគរយ ព្រោះតាមរយៈការប្រកួតកន្លងមកនេះ កូនក្រុមរបស់យើង តែងតែលេងបានល្អ គឺអត់មានបែកទម្រង់លេង ឬធ្លាក់ចុះនូវគុណភាពលេងនោះទេ»។

ដោយឡែកក្រុមខេត្តកោះកុង នឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមសាលាបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ ថ្ងៃសៅរ៍ នេះដែរ។ ក្រុមខេត្តកោះកុង ធ្លាប់បានចាញ់ក្រោមថ្នាលU18កម្ពុជា ៥-២ ក្នុងវគ្គជម្រុះតាមពូល ហើយការវិលមកជួបគ្នាលើកនេះ ត្រូវបានគេមើលឃើញថា ខេត្តកោះកុង អាចនឹងធ្លាក់ពីការប្រកួតនេះ ព្រោះសន្ទុះនៃការលេងរបស់ក្រុមយុវជនថ្នាល់U18 ដែលបង្វឹកដោយគ្រូជប៉ុន គឺកាន់តែល្អឡើងៗ ដែលនៅតែមានប្រៀបលើក្រុមខេត្តកោះកុង៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77