v9

ម៉ឺន សុភា និង ឡុង សុភី ត្រូវវ៉ៃគ្នាដណ្តើមខ្សែក្រវាត់ ទម្ងន់ធ្ងន់ នៅថ្ងៃអាទិត្យ

5 months ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងទម្ងន់ធ្ងន់របស់កម្ពុជា ម៉ឺន សុភា និង នី សូភី (ឡុង សុភី) នឹងត្រូវប្រកួតគ្នា វគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ស្រាបៀរលីអូ ក្នុងប្រភេទទម្ងន់៧០គីឡូក្រាម នៅលើសង្វៀនបាយ័នបឹងស្នោ នាល្ងាចថ្ងៃអាទិត្យនេះ ចំណែក ពេជ្រ សីហា ត្រូវឡើងឲ្យប្រកួតជំនួសកីឡាករថៃ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣។

ម៉ឺន សុភា និង ឡុង សុភី មិនចង់ជួបគ្នាទាល់តែសោះ ព្រោះពួកគេ សុទ្ធមានការរអាខ្លាចគ្នាទៅវិញទៅមក ប៉ុន្តែការទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៩ ខែមេសា ដោយក្នុងនោះ ម៉ឺន សុភា ឈ្នះពិន្ទុកីឡាករថៃ Watcharalek និង ឡុង សុភី ឈ្នះថៃ Vi Wathanonn ទើបធ្វើឲ្យក្រុមទាំង២ ឡើងមកជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ។

សិស្សគណក្លិបសាលវ័ន្តកីឡា ឡុង សុភី និង ម៉ឺន សុភា របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ សុទ្ធតែមានក្បាច់សម្លាប់រៀងៗខ្លួន។ សុភី អាចមានប្រៀបលើ ម៉ឺន សុភា ផ្នែកជង្គង់ និងការការវាយកែង ប៉ុន្តែបើវាយជាលក្ខណៈប្រយោល សុភី អាចនឹងមានបញ្ហាក្រោមទម្ងន់ជើង ពិសេសកណ្តាប់ដៃឆ្វេងរបស់ ម៉ឺន សុភា ដែលអាចនឹងឲ្យគេសន្លប់បាន។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា ម៉ឺន សុភា ឬ ឡុង សុភី ដែលជាអ្នកក្តោបក្តាប់ឱកាសវាយលុកទៅតាមជំនាញបានល្អនោះទេ ព្រោះអ្នកទាំង២នេះមានបទពិសោធ និងល្បិចប្រកួតខ្ពស់ដូចគ្នា ហេតុនេះការដណ្តើមខ្សែក្រវាត់ អមជាមួយប្រាក់រាប់ពានដុល្លាររបស់ សុភី និង សុភា នៅថ្ងៃអាទិត្យនេះ នឹងមានភាពតានតឹង និងជក់ចិត្តខ្លាំងចំពោះអ្នកទស្សនា។

ផ្ទុយពីនេះអ្នកលេងកណ្តាប់ដៃ ពេជ្រ សីហា ដែលបានធ្លាក់ពីការប្រកួតនេះ តាំងពីវគ្គជម្រុះតាមពូលនោះ បែរជាទទួលបានឱកាសឡើងមកប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ ជាមួយកីឡាករថៃ Watcharalek ទៅវិញ ខណៈកីឡាករថៃ Vi Wathanonn បានបោះបង់ចោលការប្រកួត ដោយគ្មានមូលហេតុនោះ។

ទោះបីជាយ៉ាងណា ពេជ្រ សីហា អាចនឹងមានការលំបាក ក្នុងការដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយ Watcharalek ព្រោះថៃម្នាក់នេះ មានក្បាច់ប្រកួតល្អ និងមានកលល្បិចប្រកួតខ្ពស់ទៀតផង ពិសេសនោះ Watcharalek ធ្លាប់ឈ្នះ ពេជ្រ សីហា ច្រើនដងមកហើយ ហើយការប្រកួតវគ្គជម្រុះ ដណ្តើមខ្សែក្រវាត់នេះ ក៏ Watcharalek បានយកឈ្នះដោយពិន្ទុលើ ពេជ្រ សីហា ដែរ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.