v9

ក្រុមតេក្វាន់ដូ ITF កម្ពុជា ដណ្តើមបានមេដាយមាស ២ហើយ ពីការប្រកួតជើងឯកអាស៊ី

2 weeks ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF របស់កម្ពុជា ដណ្តើមបានមេដាយមាស២ និងសំរឹទ្ធ១ ពីការប្រកួតបើកឆាក កីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០១៨ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

តាមរយៈការប្រកួតថ្ងៃទី១នេះ កីឡាករ ប៉ាល់ ជីវ័ន ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិផងនោះ បានយកឈ្នះកីឡាករម្ចាស់ក្បាច់គុន ITF នេះ របស់កូរ៉េខាងជើង ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះបានមេដាយមាស ក្នុងការប្រកួតសម្តែងកាតាឯកត្តជន ក្នុងកម្រិតអាយុ១៨ ទៅ ៣៩ឆ្នាំ និងក្នុងកម្រិតខ្សែក្រវាត់ខ្មៅ៤ដិន។

ប៉ាល់ ជីវ័ន មានការរំភើបរហូតស្រក់ទឹកភ្នែក ចំពោះការឈ្នះបានមេដាយមាសលើកនេះ ព្រោះជ័យជម្នះនេះ បានក្លាយជាការសងសឹកដ៏សំខាន់មួយចំនួនរូបគេ ទៅលើកីឡាកររបស់កូរ៉េខាងជើងម្នាក់នោះ ដែលធ្លាប់បានយកឈ្នះលើ ប៉ាល់ ជីវ័ន វគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតកីឡា ITF ជើងឯកពិភពលោក កន្លងមក។

ចំណែកមេដាយមាស១ទៀត គឺកម្ពុជា ទទួលបានពីការដណ្តើមបានរបស់កីឡាករវ័យក្មេង ដែលស្ថិតក្នុងកម្រិតអាយុជាយុវជន ហើយមេដាយសំរឹទ្ធ ក៏ដណ្តើមបានដោយក្រុមយុវជនដែរ ហើយកម្ពុជា នៅមានការប្រកួតប្រជែង នៅលើវិញ្ញាសាជាច្រើនទៀត ព្រោះកម្ពុជា បានបញ្ជូនអត្តពលិករហូតដល់២៤នាក់ ទៅប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០១៨ ដែលនឹងបន្តរហូតដល់ថ្ងៃទី១៤ ខែឧសភា មួយនេះ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77