v9

កម្ពុជាសម្រេចជាជំហានដំបូង ក្នុងការបញ្ជូនកីឡា ១២ប្រភេទ ទៅប្រកួតកីឡាអាស៊ី

2 weeks ago​ | ដោយ V-Dara

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជាលក្ខណៈបច្ចេកទេសរួចហើយ ក្នុងការដាក់ប្រភេទកីឡាចំនួន១២ ឲ្យទៅចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (18th Asian Games) នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ។

ជាមួយការពិនិត្យមើល ទៅលើសក្តានុពល ក៏ដូចជាគុណផលកីឡានៃប្រភេទកីឡានីមួយៗ ដែលត្រូវបានធ្វើឡើង ដោយក្រុមគណៈកម្មការបច្ចេកទេស មានសហព័ន្ធកីឡាជាតិ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កន្លងមកនេះ គឺកម្ពុជា បានសម្រេចជាជំហានដំបូងក្នុងការបញ្ជូន កីឡាអត្តពលិក ហែលទឹក Jet Ski គុនដាវ យូដូ ការ៉ាតេដូ ទូកក្តោង កាយសម្ព័ន្ធ តេក្វាន់ដូ ចំបាប់ សូហ្វតិន្នីស និងកីឡា Jujutsu ទៅចូលរួមការប្រកួតកីឡាអាស៊ី ខាងមុខនេះ។

នៅក្នុងប្រភេទកីឡាទាំង ១២ប្រភេទនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានរំពឹងថា ប្រភេទកីឡាខ្លះ អាចមានសមត្ថភាព ក្នុងការប្រជែងយកមេដាយឲ្យកម្ពុជា។ លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «ប្រភេទកីឡាដែលយើងបានត្រៀមយកទៅនេះ គឺប្រភេទកីឡាខ្លះ យើងសង្ឃឹមថា អាចឈានទៅរកមេដាយ និងប្រភេទកីឡាខ្លះទៀត យើងអាចប្រកួតប្រជែងជាមួយគេបានល្អ។ យើងមិនយកទៅគ្រប់ប្រភេទកីឡាទេ គឺយើងយកទៅក្នុងកម្រិតមួយ ដែលអាចប្រកួតប្រជែងជាមួយគេបានល្អមើល»។

ជាមួយគ្នានេះ NOCC និងក្រសួងអប់រំ យុវជន និងកីឡា ក៏ត្រៀមបញ្ជូនប្រភេទកីឡាមួយចំនួនទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ។ លោក ចំរើន បន្តថា៖ «នៅក្នុងប្រភេទកីឡាទាំង១២នេះ យើងជ្រើសរើសបានអត្តពលិក ដែលមានសក្តានុពលចំនួន៤១នាក់ ហើយក្នុង៤១នាក់នេះ យើងបានបន្ថែមការហ្វឹកហាត់ទាំងក្នុងស្រុក និងត្រៀមបញ្ជូនពួកគេទៅហ្វឹកហាត់នៅក្រៅប្រទេសឲ្យបាន១ ឬ២ខែ មុនការប្រកួតកីឡាអាស៊ី មកដល់»។

យ៉ាងណាក៏ដោយ ប្រភេទកីឡាហែលទឹក និងអត្តពលិក មិនស្ថិតក្នុងក្តីសង្ឃឹម ក្នុងការប្រជែងយកមេដាយនោះទេ។ លោក ចំរើន បានបញ្ជាក់ថា៖ «ប្រភេទកីឡាទាំងអស់ហ្នឹង សុទ្ធតែមានការប្រកួតប្រជែង យើងមើលឃើញតែ២ទេ គឺហែលទឹក និងអត្តពលកម្ម ជាប្រភេទកីឡា ដែលយើងមើលឃើញរង្វាស់ពេលវេលា និងចម្ងាយហើយស្រាប់ ហើយតាមកំណត់ត្រា យើងធ្លាប់ធ្វើបាន គឺយើងនៅទាបជាងគេ ប៉ុន្តែហែលទឹក និងអត្តពលកម្ម ជាប្រភេទកីឡាកាតព្វកិច្ច ដែលយើងត្រូវតែចូលរួម ទោះបីជាគុណផល ស្ថិតនៅក្នុងកម្រិតណាក៏ដោយ»។

លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា៖ «ប៉ុន្តែប្រភេទកីឡាផ្សេងទៀត យើងវាយតម្លៃថា អាចឈានទៅដល់ការដណ្តើមបានមេដាយ ក្នុងនោះភាគច្រើនជាប្រភេទកីឡាប្រយុទ្ធមាន Jujutsu យូដូ ការ៉ាតេដូ ជាដើម ព្រោះលើកនេះ យើងយកទៅសុទ្ធតែអ្នកមានកម្រិតសមត្ថភាព អាចប្រកួតប្រជែងជាមួយគេ ហើយសូហ្វតិន្នីស ក៏ស្ថិតក្នុងក្តីសង្ឃឹម ក្នុងការឈានទៅរកមេដាយផងដែរ»។

លោកបានបន្ថែមថា៖ «លើសពីនេះយើងមានកីឡា Jet Ski មួយទៀត ដែលសហព័ន្ធថ្មីមួយនេះ បានប្រឹងប្រែងខ្លាំង និងមានកីឡាករល្អ ដែលធ្លាប់ទៅចូលរួមការប្រកួតកម្រិតពិភពលោក ដោយដណ្តើមបានមេដាយទៀតផង និងបានហ្វឹកហាត់ល្អនៅថៃ អ៊ីចឹងកីឡាកររបស់ប្រភេទកីឡា Jet Ski នេះក៏យើងសង្ឃឹមដណ្តើមបានមេដាយដែរ»។

យ៉ាងណាក៏ដោយ ការសម្រេចជ្រើសរើសយកប្រភេទកីឡាទាំង១២នេះ ត្រូវរង់ចាំការសម្រេចចុងក្រោយរបស់លោក ថោង ខុន ប្រធាន NOCC និងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលអាចនឹងធ្វើឡើង នៅចុងសប្តាហ៍នេះ ព្រោះពិធីចុះឈ្មោះកីឡាអាស៊ីនេះ នឹងត្រូវបិទ នៅថ្ងៃទី១៥ ខែឧសភា នេះហើយ ប៉ុន្តែលោក វ៉ាត់ ចំរើន បានបង្ហើបថា ប្រហែលជាគ្មានការប្រែប្រួលនោះទេ ព្រោះលក្ខណៈបច្ចេកទេស គឺបានសម្រេចយកប្រភេទកីឡាទាំង១២នេះ ជាផ្លូវការហើយ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77