v9

ស្ថាប័នកីឡាកំពូលៗ ជំរុញឲ្យកម្ពុជា បង្កើនគុណផល បើចង់បានជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣

3 months ago​ | ដោយ V-Dara

ថ្នាក់ដឹកនាំអង្គការសាមគ្គីអូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងគណៈកម្មាធិការអូឡាំពិកជាតិតំណាងឲ្យប្រទេសមួយចំនួន បានជំរុញឲ្យកម្ពុជា បង្កើនការហ្វឹកហាត់ ដើម្បីបង្កើននូវគុណផល ដើម្បីឈានទៅទទួលបានជោគជ័យ ក្នុងការម្ចាស់ជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំកំពូលៗរបស់ស្ថាប័នកីឡាខាងលើ បានមើលឃើញថា កម្ពុជា នៅខ្វះខាតតែចំណុចគុណផលនេះទេ ចំណែកការកសាងហេដ្ឋារចនាសម្ព័ន្ធ ពហុកីឡដ្ឋាន ព្រមទាំងការគ្រប់គ្រង និងដឹកនាំទៅលើវិស័យកីឡានេះ គឺមានការរីកចម្រើ ស្ទុះទៅមុខហើយ បន្ទាប់ពីអ្នកទាំងនេះ បានទស្សនៈកិច្ចនៅកម្ពុជា ក្នុង «វេទិកាអូឡាំពិកតំបន់ ឆ្នាំ២០១៨» កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ កន្លងមកនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងប្រាប់ថា៖ «ថ្នាក់ដឹកនាំស្ថាប័នកីឡាកំពូលៗទាំងនេះ មានការស្ងប់ស្ងែងដល់ការប្រឹងប្រែងរបស់កម្ពុជា ដោយនិយាយថា កម្ពុជា ស្ទុះឡើងហើយ គឺកម្ពុជា នៅសល់តែចំណុចមួយទេ គឺគុណផលនៅទាប អ៊ីចឹងក្នុងរយៈពេល៤ឆ្នាំ មុនស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា ត្រូវជំរុញការហ្វឹកហាត់ឲ្យបានខ្លាំងទៅ គឺនឹងទទួលបានជោគជ័យហើយ»។

នៅក្នុងវេទិកាអូឡាំពិកតំបន់ ឆ្នាំ២០១៨ នោះដែរ អង្គការសាមគ្គីអូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងគណៈកម្មាធិការអូឡាំពិកជាតិតំណាងឲ្យប្រទេសមួយចំនួនទៀត ក៏បានសន្យាជួយជ្រោមជ្រែងកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានេះដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «អូឡាំពិកអន្តរជាតិ អូឡាំពិកអាស៊ី និងប្រទេសមួយចំនួនទៀត គេត្រៀមជួយយើង អ៊ីចឹងសំខាន់ជាងគេ យើងត្រូវត្រៀមខ្លួនធ្វើការបណ្តុះបណ្តាលឲ្យបានច្រើន។ គេចាំទទួលស្វាគមន៍យើង បើយើងចង់បញ្ជូនមន្រ្តីជំនាញរបស់យើង ទៅហាត់ការជាមួយគ្នា ពេលគេរៀបចំព្រឹត្តិការណ៍ធំៗ គឺរាល់សំណើររបស់យើងទាំងប៉ុន្មាន យើងបានទទួលចម្លើយតបជាវិជ្ជមានហើយ នៅតែនិតិវិធី ក្នុងការទំនាក់ទំនងគ្នា និងការរៀបចំពេលវេលា ក្នុងការអនុវត្តប៉ុណ្ណោះ»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.