v9

West Brom ត្រូវបានកាត់ចេញពី Premier League ខណៈ Southampton ឈ្នះ

3 weeks ago​ | ដោយ V-Dara

ក្រុម West Brom ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ ក្រោយពីក្រុម Southampton បានបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់តំបន់សុវត្ថិភាពក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស តាមរយៈការផ្តួលក្រុមស្ថិតក្នុងតំបន់កាត់ចោល Swansea។

ក្រុមរបស់ក្រុម Darren Moore ត្រូវការលទ្ធផលស្មើពីការប្រកួតរវាងក្រុម Southampton និង Swansea ក្នុងការប្រកួតភាគខាងត្បូងនៃប្រទេសវេលស៍ ដើម្បីធ្វើឲ្យក្រុម West Brom រក្សាស្ថិតក្នុងការប្រជែងគេចឲ្យផុតពីតំបន់កាត់ចោល រហូតដល់ថ្ងៃចុងក្រោយនៃរដូវកាលនេះ នៅថ្ងៃអាទិត្យ។ ក្រោយពីស្ថិតក្នុងលទ្ធផលស្មើអស់រយៈពេល៧០នាទី កីឡាករបម្រុង Manolo Gabbiadini បានរកគ្រាប់បាល់កាត់សេចក្តីសម្រាប់ក្រុម Southampton នៅពេលដែលរូបគេបានទទួលបាល់ពីការបញ្ជូនរបស់កីឡាករ Charlie Austin ដើម្បីស៊ុតបាល់បំប៉ោងសំណាញ់ទីតែម្តង។

Gabbiadini បានចូលលេងក្នុងនាមជាកីឡាករបម្រុងត្រឹមតែរយៈពេល ៤នាទីប៉ុណ្ណោះ ហើយវាជាគ្រាប់បាល់ទី៥របស់គេនៅរដូវកាលនេះ។ លទ្ធផលនេះ មានន័យថា ក្រុម Southampton ត្រូវឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ១៦ នៅលើតារាង ដោយនាំមុខលើក្រុមស្ថិតក្នុងតំបន់កាត់ចោល Swansea ចំនួន៣ពិន្ទុ។ ជ័យជម្នះរបស់ក្រុម Southampton បាននាំឲ្យក្រុម West Brom ត្រូវធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Championship តែម្តង ក្រោយពីរយៈពេល៨រដូវកាលក្នុងក្របខ័ណ្ឌកំពូល៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77