v9

ក្រុមតេក្វាន់ដូ ITF កម្ពុជា កំពុងប្រជែងរកមេដាយមាស ពីការប្រកួតជើងឯកអាស៊ី នៅម៉ុងហ្គោលី

3 weeks ago​ | ដោយ V-Dara

ក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជាចំនួន ២៤នាក់ បាននឹងកំពុងធ្វើការប្រកួតប្រជែងរកមេដាយ ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០១៨ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី៩ ឆ្នាំ២០១៨ ដែលគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ខាងមុខនេះ គឺមានប្រទេសចូលរួមជិត ៤០ប្រទេសឯណោះ ប៉ុន្តែលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា មានការទំនុកចិត្តខ្ពស់ថា ក្រុមតេក្វាន់ដូ ITF កម្ពុជា នឹងដណ្តើមបានមេដាយមាសច្រើន។

នៅក្នុងការសំណេះសំណាលជាមួយក្រុមតេក្វាន់ដូ ITF ដែលត្រៀមចេញទៅប្រកួតជើងឯកអាស៊ីនេះ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ លោក កែវ រ៉េមី បានថ្លែងថា៖ «នៅថ្ងៃនេះយើងអត់មាននិយាយរឿងហាត់អីបន្តទៀតទេ សំខាន់បំផុត យើងត្រូវយកក្បាច់គុនទាំងអស់ ដែលយើងបានហាត់ ទៅបំបែកខ្លួនឯង ជាពិសេសត្រូវមានស្មារតី និងមានទំនុកចិត្តខ្ពស់ទៅលើខ្លួនឯង អ៊ីចឹងការទៅប្រកួតជើងឯកអាស៊ីនេះ ខ្ញុំសង្ឃឹមថា ពួកយើងនឹងទទួលបានមេដាយមាសច្រើនតែម្តង»។

លោក កែវ រ៉េមី ដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ជាអចិន្ត្រៃយ៍ ផងនោះ បានបន្ថែមថា៖ «យើងត្រូវបង្ហាញនូវវិន័យ និងសាមគ្គីភាព ពិសេសត្រូវចេះស្រឡាញ់គ្នាដូចបងប្អូន ចេះជួបគ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នា ដើម្បីបង្ហាញថា កម្ពុជាទៅប្រកួតលើកនេះ នឹងដណ្តើមបានមេដាយមាសច្រើន ព្រោះលើកនេះ យើងបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតច្រើន មិនចាញ់កាលទៅប្រកួតជើងឯកពិភពលោក កន្លងមកទេ អ៊ីចឹងយើងមានជំនឿចិត្តខ្លាំង»។

គួរបញ្ជាក់ថា កីឡាករ ប៉ាល់ ជីវ័ន, ហ៊ វិចិត្រ, បុត្រ សេរីគង្គា, ឃឿន ប៊ុនលាង, សៀង អេងហ៊ុយ, ឃឿន ប៊ុនឡុង, នេត្រ ហាក់លី, ទ្រី វរលក្ខណ៍, លឹម វណ្ណស័ក្ក, សុំ គង់ហេង, ជា ច័ន្ទឡា, តាំង សៀសេង, តាត់ ឧត្តម, កាង ប៊ុនឡុង, សុខ ស៊ូណាម, កូយ មុទិតា, បួន ចាន់ថារ៉ាត់, ចេង រោងរាជ, ម៉េត សុខមាន, តាំង សៀសេង, សុភ័ក ច័ន្ទឧត្តម, គនលី រតនៈ ព្រមទាំងកីឡាការិនី លឹម ខេង និង រស់ ស្រីនិក គឺជាបេក្ខភាព ដែលបានចេញទៅប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកនេះ ហើយពួកគេ ត្រូវប្រកួតច្រើនវិញ្ញាសា ទៅតាមកម្រិតអាយុ គឺមានអាយុ ១៨-៣៩ឆ្នាំ ពី៣៩-៤៥ឆ្នាំ ពី១៦-១៧ឆ្នាំ ១៤-១៥ឆ្នាំ និងពីអាយុ១១-១៣ឆ្នាំ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77