v9

ពេលដឹងមូលហេតុ ទើបអាណិត ធឿន ធារ៉ា ចំពោះការសន្លប់ធំនៅសង្វៀន Max Muay Thai យប់មិញ

3 weeks ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា ធឿន ធារ៉ា ត្រូវបានម្ចាស់ខ្សែក្រវាត់របស់ថៃឈ្មោះ Kitti វាយឲ្យសន្លប់ធំត្រឹមទឹកទី២ សម្រាប់ការប្រកួត នៅលើសង្វៀន Max Muay Thai កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

កីឡាករមានដើមកំណើតនៅខេត្តព្រៃវែង ធឿន ធារ៉ា ត្រូវបានអ្នកប្រយុទ្ធមានកម្ពស់ខ្ពស់របស់ថៃ Kitti បុកជង្គង់បណ្តាលឲ្យសន្លប់ នៅចុងទឹកទី២ គឺបន្ទាប់ពីរូបគេ ត្រូវបានអាជ្ញាកណ្តាល រាប់ជាលើកទី១ នៅដើមទឹកទី២ ខណៈ ធារ៉ា បានដួលដេក ក្រោមការវាយកែងរបស់ Kitti នោះ ហើយនេះជាលើកទី១ហើយដែល ធឿន ធារ៉ា បានចាញ់ក្នុងកម្មវិធីប្រកួតរបស់ថៃមួយនេះ។

យ៉ាងណាក៏ដោយ តាមរយៈការប្រកួត ដែលមានការផ្សាយផ្ទាល់ផងនោះ គឺ ធឿន ធារ៉ា វាយចេញមិនសូវបានល្អដូចមុនៗនោះទេ ហើយគុណភាពកម្លាំងរបស់គេ ក៏មិនសូវមានភាពរឹងមាំ ផងដែរ។ ជាមួយនឹងបញ្ហានេះ ស្រ្តីម្នាក់ឈ្មោះ លី ស្រីតៃ ដែលអះអាងថា ខ្លួនត្រូវជាមីងរបស់ ធឿន ធារ៉ា នោះបានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកតាំងពីមុនការប្រកួតចាប់ផ្តើមថា ធឿន ធារ៉ា ឈឺមិនបានហាត់ច្រើនទេ ហើយគេក៏បានដួលថ្លោះដៃម្ចាងផងដែរ។

លី ស្រីតៃ បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «ធារ៉ា ត្រូវជាក្មួយរបស់ខ្ញុំ ថ្ងៃនេះ ធារ៉ា មានសង្ឃឹមតិចណាស់ ព្រោះអី ធារ៉ា ឈឺមិនបានហាត់ច្រើន សម្រកទម្ងន់អស់៥គីឡូក្រាមទៀត ហើយរអិលដួលថ្លោះដៃម្ខាងទៀត ថ្ងៃនេះ ខ្ញុំបារម្ភពីក្មួយខ្លាំងណាស់»។

ជាមួយនឹងសារនេះ បានធ្វើឲ្យអ្នកគាំទ្រ កាន់តែមានចិត្តអាណិតទៅដល់ ធឿន ធារ៉ា ព្រោះការប្រកួតនេះ ធារ៉ា បានទទួលរងការបុកជង្គង់យ៉ាងដំណំពីសំណាក់អ្នកប្រដាល់ Kitti ដែលជាសិស្សប្អូនរបស់កីឡាករពូកែឌឺ Saensatarn។ ប៉ុន្តែអ្នកទស្សនាភាគច្រើន នៅតែមានជំនឿថា ធឿន ធារ៉ា អាចនឹងប្រកួតសងសឹកជាមួយ Kitti ម្តងទៀត៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77