v9

ការបរិយាយរបស់ ពុទ្ធ ឆាយរិទ្ធី ធ្វើឲ្យការឈ្នះពានអន្តរជាតិរបស់ ឡៅ ចន្ទ្រា មិនសូវមានទម្ងន់

3 weeks ago​ | ដោយ V-Dara

នៅទីបំផុត ពានរង្វាន់អន្តរជាតិ កំពូលអ្នកប្រដាល់កណ្តាប់ដៃដែក ISI Palm ទម្ងន់ ៦៧គីឡូក្រាម រដូវកាលទី១ បានក្លាយទៅជាកម្មសិទ្ធិរបស់ជើងខ្លាំងរបស់កម្ពុជា ឡៅ ចន្ទ្រា បន្ទាប់ពីរូបគេបានយកឈ្នះជនរួមជាតិ ពុទ្ធ ឆាយរិទ្ធី ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ប៉ុន្តែការប្រកួតយកលេខ៣រវាងអ្នកប្រដាល់ថៃ Noeng Trakan និង Rong Nakpha ហាក់បង្កប់នូវការធ្វើពុត។

ជើងខ្លាំង ឡៅ ចន្ទ្រា បានយកឈ្នះលើរៀមច្បង ពុទ្ធ ឆាយរិទ្ធី ដោយពិន្ទុទាំងលំបាក ព្រោះការប្រកួតនេះ មានភាពស្វិតស្វាញខ្លាំង ហើយក្បាច់វាយចេញគ្រប់ច្រករបស់ ឆាយរិទ្ធី ក៏បានធ្វើឲ្យ ឡៅ ចន្ទ្រា មានការលំបាក ក្នុងការចូលវាយកែង និងបុកជង្គង់ ផងដែរ។

បន្ថែមទៅលើការទទួលបានជ័យជម្នះទាំងពិបាកនេះ ពុទ្ធ ឆាយរិទ្ធី បាននិយាយក្រោយការប្រកាសលទ្ធផលថា ការចាញ់លើកនេះ ដោយសារតែរូបគេមានបញ្ហារបួសជើងស្តាំ មិនទាត់ចេញបានច្រើន ទៅតាមអ្វី ដែលខ្លួនចង់បាន ហើយពាក្យសម្តីនេះបានធ្វើឲ្យការឈ្នះពានអន្តរជាតិរបស់ ឡៅ ចន្ទ្រា ហាក់លែងសូវមានទម្ងន់ និង ចន្ទ្រា ផ្ទាល់ ក៏បានទម្លាក់ទឹកមុខចុះ នៅពេលឮសម្តី ពុទ្ធ ឆាយរិទ្ធី នេះផងដែរ។

នៅពេលពិធីករ លោក ស៊ីថូ ណាថាន់ បានសួរពីការប្រកួតនេះ ក្រោយការប្រកាសលទ្ធផល ពុទ្ធ ឆាយរិទ្ធី បាននិយាយថា៖ «ការប្រកួតនេះ វាមានការពិការដែរ ព្រោះ ឡៅ ចន្ទ្រា ល្អគ្រប់ក្បាច់ទាំងអស់ ហើយម្យ៉ាងទៀត ខ្ញុំឈឺជើងស្តាំ មិនសូវបានហ្វឹកហាត់ខ្លាំងទេ ហើយជើងនេះមានរបួសពេលខ្ញុំទាត់ស៊ីហ្វ ចំពេលស៊ីហ្វវាក្រឡាច់»។

ពុទ្ធ ឆាយរិទ្ធី បានបន្ថែមថា៖ «ការជួប ឡៅ ចន្ទ្រា លើកនេះ គឺខ្ញុំសង្ឃឹមទៅលើជើងខ្ញុំនេះ ប៉ុន្តែពេលជើងខ្ញុំមានរបួសបែបនេះ គឺពិបាកទប់ទល់នឹងគេដែរ…បើសិនជាជើងខ្ញុំមិនឈឺ ខ្ញុំមានសង្ឃឹមឈ្នះច្រើន…»។

ចំណែក ឡៅ ចន្ទ្រា ក៏បាននិយាយវាយប្រហារបែបចំៗ ទៅ ពុទ្ធ ឆាយរិទ្ធី វិញផងដែរ។ ចន្ទ្រា បាននិយាយថា៖ «ការប្រកួតជាមួយបង ឆាយរិទ្ធី រាងពិបាក ដោយសារគាត់វ៉ៃចេញរាងរញ៉េរញ៉ៃ ហើយខ្ញុំក៏មានការប្រុងប្រយ័ត្នខ្ពស់ ដ្បិតអីនេះជាដណ្តើមពាន ដែលមានប្រាក់រង្វាន់ច្រើន អ៊ីចឹងខ្ញុំអត់សូវហ៊ានចូលដែរ ព្រោះខ្លាចភ្លាត់ស្នៀតរបស់គាត់»។

ដោយឡែក ជើងខ្លាំងរបស់ថៃ Noeng Trakan បានទាត់ឲ្យជនរួមជាតិរបស់គេ Rong Napha ខូចដៃឆ្វេង ត្រឹមទឹកទី២ ដើម្បីទទួលបានលេខ៣ ប៉ុន្តែការសម្រេចឈប់ប្រកួត ដោយបញ្ហារបួសដៃឆ្វេង នេះ ត្រូវបានគេមើលឃើញថា វាហាក់បង្កប់នូវការប្រកួតបែបធ្វើពុតរបស់ Rong Nakpha ព្រោះគេហាក់មិនចង់វ៉ៃប្តូរជាមួយ Noeng Trakan ដែលជាជនជាតិថៃគ្នាឯង។

តាមរយៈលទ្ធផលនេះ ម្ចាស់ជើងឯក ឡៅ ចន្ទ្រា ទទួលបានឈ្នះពានអន្តរជាតិ ISI Palm រួមជាមួយប្រាក់រង្វាន់ចំនួន២៤លានរៀល ឯ ពុទ្ធ ឆាយរិទ្ធី បាន១២លានរៀល។ ចំណែក Noeng Trakan ដែលបានលេខ៣ បានប្រាក់រង្វាន់៨លានរៀល ហើយ Rong Nakpha ទទួលបានប្រាក់រង្វាន់៦លានរៀល៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77