v9

រឿង សោភ័ណ្ឌ ឈ្នះខ្សែក្រវាត់ ១ទៀតនៅបារាំង ខណៈ ម៉ឺន សុភា និង ឡុង សុភី ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រ

4 months ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ បានឈ្នះខ្សែក្រវាត់បន្ថែមមួយទៀត សម្រាប់ការប្រកួតនៅឯប្រទេសបារាំង រីឯជើងខ្លាំងទម្ងន់ធ្ងន់ ម៉ឺន សុភា និង នី សុភី (ឡុង សុភី) សុទ្ធតែបានយកឈ្នះអ្នកប្រយុទ្ធរបស់ថៃ ដើម្បីឡើងទៅជួបគ្នា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ស្រាបៀរលីអូ ទម្ងន់៧០គីឡូក្រាម។

នៅក្នុងការប្រកួតលើកទី២ សម្រាប់ការចេញទៅប្រកួតនៅប្រទេសបារាំងជិត១ខែមកនេះ អ្នកលេងកណ្តាប់ដៃឆ្វេង រឿង សោភ័ណ្ឌ បានយកឈ្នះ កីឡាករ Abderrezzag Djaadane ដោយពិន្ទុ ប៉ុន្តែការប្រកួត ដែលត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនោះ គឺ រឿង សោភ័ណ្ឌ ក៏មានការលំបាកផងដែរ ព្រោះដៃគូម្នាក់នេះ ខ្ពស់ពេក និងមានបច្ចេកទេសវាយបានល្អផងដែរ។

នេះជាខ្សែក្រវាត់លើកទី២ ដែល រឿង សោភ័ណ្ឌ ដណ្តើមបាន សម្រាប់ការចេញទៅប្រកួតនៅប្រទេសបារាំងរបស់គេ បន្ទាប់ពីជើងខ្លាំងរបស់កម្ពុជារូបនេះ បានផ្តួលកីឡាករ Daiby Mohamed ដើម្បីឈ្នះខ្សែក្រវាត់ទី១ កាលពីពាក់កណ្តាលខែមេសា កន្លងមកនេះ។ ការឈ្នះខ្សែក្រវាត់បន្ថែម២ទៀតនេះ បានធ្វើឲ្យ រឿង សោភ័ណ្ឌ នៅពេលនេះឈ្នះបានខ្សែក្រវាត់សរុបចំនួន៨ស្ថាប័ន ហើយរូបគេ នឹងបន្តប្រកួតនៅបារាំងជាង២ខែទៀត។

ដោយឡែកជើងខ្លាំង ឡុង សុភី និង ម៉ឺន សុភា សុទ្ធតែទទួលបានជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ស្រាបៀរលីអូ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ដោយក្នុងនោះ សុភី បានយកឈ្នះថៃ Rasrisingha ដោយពិន្ទុ ហើយ សុភា បានយកឈ្នះជើងខ្លាំងថៃ Watcharalek ដោយពិន្ទុមិនឯកច្ឆន្ទ គឺ៣ទល់២។

ជាមួយលទ្ធផលនេះ ឡុង សុភី និង ម៉ឺន សុភា នឹងត្រូវឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងគ្នាយកខ្សែក្រវាត់ និងប្រាក់រង្វាន់ ពីព្រឹត្តិការណ៍ ដែលរៀបចំឡើង នៅលើសង្វៀនបាយ័នបឹងស្នោ មួយនេះ បើទោះបីជាអ្នកទាំង២នេះ មិនចង់ជួបគ្នាក៏ដោយ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.