v9

Arsenal រងនូវការខកចិត្តក្រោមស្នាដៃក្រុមដែលសល់សមាជិកត្រឹមតែ១០ Atletico Madrid

1 month ago​ | ដោយ V-Dara

ក្តីសង្ឃឹមរបស់ក្រុម Arsenal ក្នុងការជួយឲ្យអ្នកចាត់ការទូទៅលោក Arsene Wenger បញ្ចប់ដោយការឈ្នះពានមួយ បានរងនូវការខកចិត្តមួយ ខណៈដែលពួកគេត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមនៅសល់សមាជិកត្រឹមតែ ១០នាក់ Atletico Madrid ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Europa League របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍។

ក្រុមកាំភ្លើងធំមួយនេះ បានលេងជាមួយនឹងសមាជិកច្រើនជាងម្នាក់ដល់ទៅ៨០នាទី នាកីឡដ្ឋាន Emirates ខណៈដែលការទទួលកាតក្រហមនៅដើមតង់របស់កីឡាករ Sime Vrsaljko បានជួយឲ្យក្រុម Arsenal មានប្រៀបក្នុងការប្រកួតនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេបានខ្ជះខ្ជាយឱកាសល្អៗជាច្រើន នៅមុនពេល និងបន្ទាប់ពីខ្សែប្រយុទ្ធ Alexandre Lacazette បានតែតបាល់បំប៉ោងសំណាញ់ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខមុន នៅនាទីទី៦០។

លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico ក៏ត្រូវបានបណ្តេញឲ្យទៅអង្គុយលើកៅអីអ្នកទស្សនាផងដែរ ក្នុងរយៈពេលដ៏ខ្លី ក្រោយពីការរងពិន័យកាតក្រហមរបស់ Vrsaljko ប៉ុន្តែ ក្រុមយក្សរបស់អេស្ប៉ាញមួយនេះ នៅតែរក្សាភាពរឹងមាំ និងបានវាយបកវិញ នៅពេលដែលឱកាសបានកើតឡើង ខណៈដែលខ្សែប្រយុទ្ធ Antoine Griezmann បានរកគ្រាប់បាល់ក្រៅដីដ៏សំខាន់បំប៉ោងសំណាញ់ទី នៅរយៈពេល៨នាទីចុងក្រោយ។ លោក Wenger បានឲ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍ថា យើងបានបង្ហាញពីទម្រង់លេងដែលយើងចង់បង្ហាញ ប៉ុន្តែលទ្ធផលនេះ មិនស័ក្តិសមជាមួយនឹងការបង្ហាញពីទម្រង់លេងនេះឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77