v9

ឡៅ ចន្ទ្រា និង ពុទ្ធ ឆាយរិទ្ធី ទន្លាក់ថៃ ដើម្បីឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ

1 month ago​ | ដោយ V-Dara

នៅទីបំផុតកីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី បានបង្កើតនូវរឿងដ៏ពេញចិត្តមួយចំពោះអ្នកគាំទ្រប្រដាល់ ដោយរូបគេបានយកឈ្នះជើងខ្លាំងរបស់ថៃ Noeng Trakan ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមពានអន្តរជាតិ ISI Palm ក្នុងទម្ងន់ ៦៧គីឡូក្រាម ដើម្បីឡើងទៅជួបជើងខ្លាំង ឡៅ ចន្ទ្រា នៅវគ្គផ្តាច់ព្រ័ត្រ ព្រោះ ចន្ទ្រា ក៏បានបន្តយកឈ្នះកីឡាករថៃ Rong Nakpha ផងដែរ។

បើទោះបីជា ពុទ្ធ ឆាយរិទ្ធី ធ្លាប់ចាញ់ពិន្ទុ Noeng Trakan ក្នុងការប្រកួតវគ្គជម្រុះ ប៉ុន្តែសម្រាប់ការឡើងមកជួបគ្នាជាថ្មី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ម្សិលមិញ ពុទ្ធ ឆាយរិទ្ធី បានប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ដើម្បីចូលប្តូរជាមួយ Noeng Trakan គឺពួកគេបានប្រកួតគ្នា៥ទឹកពេញ យ៉ាងជក់ចិត្តបំផុត។

តាមរយៈការប្រកួតនោះ ពុទ្ធ ឆាយរិទ្ធី ក៏បានបុកកែងបណ្តាលឲ្យ Noeng Trakan បែកនៅលើចិញ្ចើមខាងស្តាំ នៅចុងទឹកទី៤ផងដែរ ហើយជាលទ្ធផល ឆាយិទ្ធី ត្រូវបានចៅក្រម៣នាក់ ក្នុងចំណោម៥នាក់ បានផ្តល់ពិន្ទុឲ្យរូបគេឈ្នះពិន្ទុ Noeng Trakan ៣ទល់នឹង២ ដ៏គួរឲ្យរំភើបបំផុត។ ពុទ្ធ ឆាយរិទ្ធី សប្បាយចិត្តរហូតស្រក់ទឹកភ្នែក ឯ Noeng Trakan បានដេកយំ ព្រោះហួសចិត្ត នឹងការចាញ់ពិន្ទុ ឆាយរិទ្ធី។

ដោយឡែក ជើងខ្លាំង ឡៅ ចន្ទ្រា បានយកឈ្នះលើកីឡាករ Rong Nakpha យ៉ាងលំបាកបំផុត។ បើទោះបីជា ចន្ទ្រា ធ្លាប់វាយកែងឲ្យថៃម្នាក់នេះសន្លប់ធំ ក្នុងការប្រកួតវគ្គជម្រុះ ប៉ុន្តែសម្រាប់ការប្រកួតគ្នាលើកនេះ Rong Nakpha បានព្យាយាមបិទជង្គង់ និងកែងរបស់ ចន្ទ្រា បានល្អ និងវាយបកសងបានល្អផងដែរ។

សាម្រាប់ការប្រកួត៤ទឹកដំបូង អ្នកទាំង២ ហាក់មានភាពប្រដំប្រសងគ្នា ប៉ុន្តែនៅទឹកទី៥ ឡៅ ចន្ទ្រា បានវាយចូល២ទៅ៣កែង ដែលធ្វើឲ្យ Rong Nakpha ធ្លាក់កម្លាំងនៅចុងទឹកផងដែរ ហើយការវ៉ៃកែងនេះហើយ ទើបជួយឲ្យរូបគេឈ្នះពិន្ទុលើ Rong Nakpha ៣ទល់២ លើកនេះ។

ទោះបីជាយ៉ាងណា Rong Nakpha មិនសប្បាយចិត្តចំពោះការសម្រេចឲ្យរូបគេចាញ់នោះទេ ដោយគេបានក្រវីក្បាល នៅពេលឮពិធីករប្រកាសឲ្យ ឡៅ ចន្ទ្រា ជាអ្នកឈ្នះ។ តាមរយៈលទ្ធផលនេះ ឡៅ ចន្ទ្រា ត្រូវជួប ពុទ្ធ ឆាយេរិទ្ធី នៅវគ្គផ្តាច់ព្រ័ត្រ ឯ Noeng Trakan នៅសល់ត្រឹមឱកាសប្រកួតយកលេខ៣ និងលេខ៤ ជាមួយ Rong Nakpha៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77