v9

កីឡាល្បុក្កតោ ត្រៀមអត្តពលិកជាង ២០០នាក់ ចេញសម្តែងតាមខេត្ត ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

8 months ago​ | ដោយ V-Dara

សហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានត្រៀមកីឡាករ កីឡាការិនីដ៏ច្រើន គឺជាង២០០នាក់ ដើម្បីចេញទៅប្រកួត និងសម្តែងនៅតាមខេត្តមួយចំនួន៥ ដែលប្រារព្ធធ្វើ«មហាសង្ក្រាន្ត» ក្នុងរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។

អត្តពលិកជាង២០០នាក់នេះ ត្រូវបានប្រមែប្រមូល ចេញពីសាលាគុនសរុប១៥ មកពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តសៀមរាប និងពោធិសាត់ ហើយការប្រើអត្តពលិកយ៉ាងច្រើននេះ ដោយសារតែ ល្បុក្កតោ ត្រូវទៅចូលរួមការសម្តែង នៅអង្គរមហាសង្រ្កាន្ត ខេត្តសៀមរាប និងខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលគ្រោងធ្វើមហាសង្គ្រាន្តស្របពេលជាមួយគ្នា។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឲ្យដឹងថា សហព័ន្ធបានត្រៀមអត្តពលិកល្បុក្កតោច្រើនជាង២០០នាក់ ដើម្បីទៅចូលរួមសម្តែង ក្នុងពិធីមហាសង្គ្រាន្ត នៅខេត្តសៀមរាប ព្រមទាំងខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងឧត្តរមានជ័យ។

យ៉ាងណាក៏ដោយ លោក តារា បានបញ្ជាក់ថា មហាសង្ក្រាន្ត នៅខេត្តសៀមរាប ត្រូវប្រើអត្តពលិកល្បុក្កតោច្រើនជាងគេ គឺជិត២០០នាក់ ដែលភាគច្រើនមកពីរាជធានីភ្នំពេញ និងមាននៅខេត្តសៀមរាបខ្លះ ហើយការសម្តែងដ៏ធំនេះ ដឹកនាំដោយលោក អ៊ួ តារា ផ្ទាល់ រួមជាមួយលោកតាក្រមាមាស សាន គឹមស៊ាន ដែលជាស្ថានិកដ៏សំខាន់ ក្នុងការបង្កបង្កើតកីឡាល្បុក្កតោ ឲ្យមានកំណើតកកើតឡើងវិញ រហូតមកដល់ពេលនេះ។

ចំណែក មហាសង្រ្កាន្ត នៅខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ មានការសម្តែងជាទ្រុងទ្រាយតូចទេ ដែលអាចមានអត្តពលិកទៅចូលរួមពីចន្លោះ១០នាក់ ទៅ២០នាក់ ប៉ុន្តែការក្រុមសម្តែងមួយៗ សុទ្ធតែមានគ្រូជំនាញដឹកនាំយ៉ាងត្រឹមត្រូវ ហើយការចេញទៅសម្តែងដោយការស្ម័គ្រចិត្តនេះ គឺដើម្បីពង្រីកពីសក្តានុពលរបស់កីឡាល្បុក្កតោ ដែលអង្គការយូនេស្កូ កំពុងពិនិត្យឯកសារ និងសំណុំបែបបទរបស់កម្ពុជា ក្នុងការដាក់ប្រភេទកីឡាមួយនេះ ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.