v9

សង្វៀនប្រដាល់ធំៗ នៅភ្នំពេញ ត្រូវបិទទ្វារ ក្នុងថ្ងៃចូលឆ្នាំ ប៉ុន្តែនៅតាមខេត្ត មានការប្រកួត

2 weeks ago​ | ដោយ V-Dara

សង្វៀនប្រដាល់ធំៗ នៅតាមស្ថានីយទូរទស្សន៍ទាំង៤ មានបាយ័ន អាស៊ីអាគ្នេយ៍ CNC និងប៉ុស្តិ៍លេខ៥ ដែលមានការប្រកួតនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សរុបមាន១៣កម្មវិធីនោះ នឹងត្រូវឈប់សម្រាក ចុងសប្តាហ៍នេះ ដើម្បីទុកពេលឲ្យកីឡាករ កីឡាការិនី ក៏ដូចជាមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកធ្វើការងារនៅតាមប៉ុស្តិ៍ ឈប់សម្រាក ក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។

បើតាម លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឲ្យដឹងថា ការប្រកួតប្រដាល់ នៅតាមស្ថានីយទូរទស្សន៍ នៅរៀងរាល់ចុងសប្តាហ៍ គឺយើងត្រូវប្រើប្រាស់កីឡាករជិត២០០នាក់ និងប្រើអាជ្ញាកណ្តាល ចៅក្រុម និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធ ជាង១០០នាក់ ប៉ុន្តែថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅចុងសប្តាហ៍នេះ យើងឲ្យពួកគាត់ឈប់សម្រាក ដើម្បីបានទៅលេងស្រុក។

យ៉ាងណាក៏ដោយ នៅតាមខេត្តមួយចំនួន មានការរៀបចំការប្រកួតប្រដាល់ នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ដើម្បីអបអរដោយខេត្តរបស់ខ្លួន ហើយការប្រកួតនេះ ក៏បានក្លាយទៅជាប្រពៃណីទំនៀមទម្លាប់របស់អ្នកខេត្តមួយចំនួនផងដែរ ដែលតែងតែរៀបចំនៅពេលមានកម្មវិធីបុណ្យទានធំៗម្តងៗ ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ជាក់ស្តែង នៅក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណីជាត់ខ្មែរនេះ សហគមកីឡាប្រដាល់របស់ខេត្តបន្ទាយមានជ័យ រួមសហការជាមួយអាជ្ញាធរខេត្ត និងក្រុងប៉ោយប៉ែត បានបង្កើតឲ្យមានសង្វៀនប្រកួតចំនួន៤ដាក់ដោយឡែកពីគ្នា គឺទី១នៅទីក្រុងប៉ោយប៉ែត ទី២នៅក្រុងសេរីសោភ័ណ្ឌ ទី៣ នៅវត្តបន្ទាយនាង និងទី៤ នៅវត្តភូមិអូរប្រាសាទ ដើម្បីដាក់ឲ្យកីឡាករវ័យក្មេង ភាគច្រើនមានទម្ងន់ចាប់ពី២៥គីឡូក្រាម ទៅ៣០គីឡូក្រាម ធ្វើការប្រកួតគ្នា។

លោក ថៃ អ៊ូ ប្រធានសមាគមកីឡាប្រដាល់ខេត្តបន្ទាយមានជ័យ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយថា៖ «រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំនេះ យើងបានបង្កើតសង្វៀនប្រកួតចំនួន៤ផ្សេងៗគ្នា ដោយក្នុង១សង្វៀន មានការប្រកួត១០គូ អ៊ីចឹង៤សង្វៀនសរុបមាន៤០គូ ប៉ុន្តែក្រៅពីនេះ ក៏មានគូ សុំប្រកួតក្រៅគម្រោងទៀតផងដែរ។ ហេតុនេះកីឡាករអាចកើនឡើងដល់ជិត១០០នាក់ឯណោះ»។

ប៉ុន្តែលោក ថៃ អ៊ូ បានបន្ថែមថា ការប្រកួតលក្ខណៈមិត្តភាព និងដណ្តើមពានក្រុងប៉ោយប៉ែត ជាលក្ខណៈប្រពៃណីជាតិ អ្នកប្រកួតមិនទទួលបានប្រាក់តម្លៃខ្លួនច្រើន ដូចប្រកួតនៅភ្នំពេញនោះទេ គឺអ្នកចាញ់បាន៤ម៉ឺនរៀល ឈ្នះ៦ម៉ឺន ហើយគូពិសេស បានច្រើនត្រឹម១០ម៉ឺនរៀល ខណៈព្រឹត្តិការណ៍ប្រកួតទាំង៤សង្វៀននេះ អាជ្ញាធរក្រុង និងខេត្តបន្ទាយមានជ័យ ចំណាយអស់ជាង៩លានរៀល។

បើតាមព័ត៌មានដែលទទួលបាន គឺខេត្តកណ្តាល នឹងមានរៀបចំការប្រកួតប្រដាល់ចំនួន៥គូ នៅភ្នំព្រះរាជទ្រព្យ នៅថ្ងៃទី១៥ ខែមេសា ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ ហើយនៅខេត្តកំពត ខេត្តបាត់ដំបង និងខេត្តមួយចំនួនទៀត ក៏មានរៀបចំឲ្យមានការប្រកួតប្រដាល់ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ផងដែរ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77