v9

ក្រុមបឹងកេត បន្តចាញ់ Ceres នៅលើទឹកដីខ្លួនឯង ប៉ុន្តែលទ្ធផលមិនអាក្រក់ដូចលើកមុន

2 weeks ago​ | ដោយ V-Dara

ក្រុមបឹងកេត របស់កម្ពុជា បានបន្តចាញ់ក្រុមខ្លាំងរបស់ហ្វីលីពីន Ceres-Negros សម្រាប់ការប្រកួតជើងទី១ នៅលើទឹកដីរបស់ខ្លួន គឺពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធ ម្សិលមិញ ប៉ុន្តែលទ្ធផលចាញ់ ៤-០ លើកនេះ មិនអាក្រក់ដូចការប្រកួតលើកមុននោះទេ។

តាមរយៈការប្រកួត កាលពីយប់ម្សិលមិញនោះ បឹងកេត បានបង្ហាញការលេងបានល្អ នៅដើមតង់ទី១ ហើយក៏មានឱកាសវាយបកទៅលើក្រុម Ceres-Negros ផងដែរ ប៉ុន្តែការវាយសម្រុកយ៉ាងខ្លាំងរបស់ Ceres នៅចុងតង់នេះ បានផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធពាក់លេខ៧ Maraa On រកបាន ២គ្រាប់ជាប់ៗគ្នា នៅនាទីទី៣៦ និងទី៣៨ ដើម្បីបញ្ចប់ការប្រកួតតង់ទី១ ជាមួយការនាំមុខ ២-០។

ចំណែកការប្រកួតនៅតង់ទី២ ខ្សែប្រយុទ្ធ Maraa On បានទម្លុះសំណាញ់ទីក្រុមបឹងកេត ១គ្រាប់ទៀត នៅនាទីទី៦៩ ហើយខ្សែប្រយុទ្ធពាក់លេខ៩ Uesato ដែលដាក់ឲ្យចូលលេងនៅនាទីទី៧២ បានបន្ថែម១គ្រាប់ទៀត នៅនាទីទី៨៤ ដើម្បីជួយឲ្យក្រុម Ceres បន្តឈ្នះក្រុមបឹងកេត ៤-០ បន្ថែមទៅលើការឈ្នះរហូតដល់ ៩-០ កាលប្រកួតជើងទី១។

តាមរយៈការបន្តយកឈ្នះលើក្រុមបឹងកេត ៤-០ នេះបានជួយឲ្យក្រុម Ceres-Negros របស់ហ្វីលីពីនមួយនេះ បន្តឈរនៅលេខ១ ប្រចាំពូលF ដោយមាន១៣ពិន្ទុ និងបានកក់កៅអីនៅវគ្គបន្ត ដោយស្វ័យប្រវត្តិ ទោះបីជា នៅសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។

ចំណែកក្រុម Home United របស់សិង្ហបុរី បានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៣-២ នៅលើទឹកដីរបស់ខ្លួន កាលពីយប់ថ្ងៃពុធ ម្សិលមិញនោះដែរ ដើម្បីបន្តឈរនៅលេខរៀងទី២ ប្រចាំពូលនេះ ដោយមាន១០ពិន្ទុ តែ Home United នៅមិនទាន់ដឹងថា នឹងក្លាយជាក្រុមលេខ២ល្អ ដែលអាចបានទៅវគ្គបន្តឬយ៉ាងណានោះទេ។ ប៉ុន្តែក្រុមបឹងកេត និង Shan United ដែលមាន៣ពិន្ទុក្នុងដៃដូចគ្នានោះ បានធ្លាក់ចេញពីការប្រកួតនេះ ដោយស្វ័យប្រវត្តិហើយ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77