v9

ពានហ៊ុនសែនថ្នាក់ខេត្ត រកឃើញក្រុមឈ្នះ១៣ ឡើងទៅវគ្គបន្ត ប៉ុន្តែ ៤ក្រុមទៀត ត្រូវរង់ចាំការវិនិច្ឆ័យ

2 weeks ago​ | ដោយ V-Dara

ក្រុមបាល់ទាត់តំណាងឲ្យខេត្ត និងស្ថាប័នចំនួន១២ បានឈ្នះកៅអី ឡើងទៅប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយ ថ្នាក់ខេត្តពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៨ ជាមួយក្រុមមណ្ឌលគិរី ជាផ្លូវការហើយ ប៉ុន្តែក្រុមខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពត និងខេត្តកំពង់ធំ ត្រូវរង់ចាំការវិនិច្ឆ័យរបស់គណៈកម្មការ ដើម្បីសម្រេចយក៣ក្រុម ឡើងទៅវគ្គបន្តដែរ។

យោងតាមលទ្ធផល ការប្រកួតជម្រុះតាមពូលចុងក្រោយ កាលពីថ្ងៃពុធ ម្សិលមិញ ក្រុមគិរីវង់អេហ្វស៊ី ទទួលបាន៣ពិន្ទុ ដើម្បីទទួលបានលេខ២ប្រចាំពូលA ដោយមាន៥ពិន្ទុ លើក្រុមខេត្តបាត់ដំបង មាន៤ពិន្ទុ តែតិចជាងក្រុមលេខ១ ខេត្តប៉ៃលិន ដែលមាន៧ពិន្ទុ ហើយក្រុមទាំង៣នេះ ត្រូវឡើងទៅប្រកួតនៅវគ្គ១៦ក្រុមតំណាងពូលនេះ។

ចំណែកក្រុមខេត្តកំពង់ចាម ក្រុមយុវជនក្រសួងការពារជាតិ និងក្រុមខេត្តត្បូងឃ្មុំ បានក្លាយជាក្រុមតំណែងឲ្យពូលB ត្រូវឡើងទៅប្រកួតនៅវគ្គបន្ត ព្រោះកាលពីម្សិលមិញ ខេត្តកំពង់ចាម រកបាន១ពិន្ទុ ដើម្បីមាន១១ពិន្ទុ ឯក្រុមយុវជនក្រសួងការពារជាតិ រកបាន៣ពិន្ទុ ដើម្បីឈរនៅលេខ២មាន១០ ហើយក្រុមខេត្តត្បូងឃ្មុំ រកបាន៣ពិន្ទុដែល ដើម្បីឈរនៅលេខ៣ មាន៩ពិន្ទុ។

ចំពោះក្រុមសាលាបាត់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ រកបាន៣ពិន្ទុបន្ថែម ដើម្បីមាន១០ពិន្ទុ និងទទួលបានលេខ១ប្រចាំពូលD ឯក្រុមខេត្តព្រះសីហនុ ដែលមាន៧ពិន្ទុ និងក្រុមមាន៦ពិន្ទុ ខេត្តកោះកុង បានជួបការចាញ់ដូចគ្នា ប៉ុន្តែក្រុមទាំង២នេះ នៅតែទទួលបានឱកាស ឡើងទៅកាន់វគ្គបន្ត តំណាងពូលDនេះ។

ផ្ទុយពីនេះក្រុមខេត្តកំពង់ធំ បែរជាធ្លាក់ពីលេខ១ប្រចាំពូលE ទៅឈរនៅលេខ៤វិញ ខណៈពួកគេការបរាជ័យ ស្របពេលខេត្តសៀមរាប និងក្រុមស៊ីម៉ាក់អេហ្វស៊ី សុទ្ធតែរកបាន៣ពិន្ទុបន្ថែម ដើម្បីមាន១០ពិន្ទុស្មើគ្នា ហើយក្រុមខេត្តឧត្តរមានជ័យ រកបាន៣ពិន្ទុបន្ថែមដែរ ដើម្បីទទួលបានលេខ៣ មាន៩ពិន្ទុ និងបានឡើងទៅវគ្គបន្តជាមួយក្រុមលេខ១ ខេត្តសៀមរាប និងក្រុមលេខ២ ស៊ីម៉ាក់អេហ្វស៊ី។

ប៉ុន្តែក្រុមលេខ៤ប្រចាំពូលA ខេត្តកំពង់ឆ្នាំង ក្រុមលេខ៤ពូលB ខេត្តព្រៃវែង ក្រុមលេខ៤ពូលD ខេត្តកំពត និងក្រុមលេខ៤ពូលE ខេត្តកំពង់ធំ ត្រូវរង់ចាំការវិនិច្ឆ័យរបស់គណៈកម្មការ ដើម្បីសម្រេចយកក្រុមលេខ៤ល្អចំនួន៣ក្រុម ឡើងទៅវគ្គបន្តដែរ។

ទោះបីជាយ៉ាងណា យោងតាមលទ្ធផលប្រកួតនេះ គឺក្រុមខេត្តកំពង់ឆ្នាំង ដែលចាញ់ទាំង៣ប្រកួតនោះ អាចនឹងត្រូវកាត់ចេញ ហើយធ្លាក់ពីការប្រកួតនេះដូចក្រុមខេត្តកណ្តាល ខេត្តកែប ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ និងក្រុមខេត្តព្រះវិហារ ផងដែរ ហើយក្រុមខេត្តកំពង់ធំ ដែលមាន៩ពិន្ទុ ខេត្តព្រៃវែង មាន៧ពិន្ទុ និងខេត្តកំពត ដែលមាន៦ពិន្ទុ នឹងត្រូវឡើងទៅប្រកួតវគ្គ១៦ក្រុមជាមួយក្រុមខេត្តប៉ៃលិន គិរីវង់អេហ្វស៊ី ខេត្តបាត់ដំបង ខេត្តកំពង់ចាម ក្រុមយុវជនក្រសួងការពារជាតិ ខេត្តត្បូងឃ្មុំ ក្រុមយុវជនថ្នាលU18 ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តសៀមរាប ក្រុមស៊ីម៉ាក់ និងខេត្តឧត្តរមានជ័យ៕

កែសម្រួលដោយ៖​ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77