v9

Ronaldo សង្គ្រោះ Real Madrid ក្រោយការវាយបកដ៏មិននឹកស្មានដល់របស់ Juventus

3 months ago​ | ដោយ V-Dara

Cristiano Ronaldo បានសង្គ្រោះក្រុម Real Madrid ពីការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដ៏មិននឹកស្មានដល់ ខណៈដែលគ្រាប់បាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតរបស់គេ បានជួយឲ្យក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ ទម្លាក់ក្រុម Juventus ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយដ៏រំភើបមួយ កាលពីថ្ងៃពុធ បើទោះបីចាញ់ក្នុងលទ្ធផល ៣-១ ក៏ដោយ។

Real ហាក់ដូចជាមានភាពជាក់លាក់ក្នុងការឈានទៅវគ្គ ៤ក្រុមចុងក្រោយទៅហើយ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ ក្នុងទីក្រុង Turin ប៉ុន្តែ Juventus បានធ្វើការវាយបកវិញដ៏មិននឹកស្មានដល់ ក្នុងការប្រកួតជើងទី២នាកីឡដ្ឋាន Santiago Bernabeu។ គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅតង់ទី១ របស់ខ្សែប្រយុទ្ធ Mario Mandzukic បានធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុមខ្លួនរស់ឡើងវិញ នៅមុនពេលកីឡាករ Blaise Matuidi ដណ្តើមយកប្រៀបទៅលើការប្រព្រឹត្តកំហុសរបស់អ្នកចាំទី Keylor Navas ដើម្បីជួយឲ្យក្រុមអ៊ីតាលីមួយនេះតាមស្មើលទ្ធផលទាំង ២ជើងតែម្តង ខណៈដែលនៅសល់រយៈពេលកន្លះម៉ោងទៀត។

ប៉ុន្តែ ស្របពេលដែលការប្រកួតជើងទី២​ នេះ ហាក់ដូចជាត្រូវឈានចូលដល់នាទីបន្ថែម១៥នាទី ២ដងទៅហើយ លោកអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេស Michael Oliver បានផ្តល់បាល់ប៉េណាល់ទី១គ្រាប់ទៅឲ្យ Real នៅជិតបញ្ចប់ការប្រកួត។ ស្របពេលដែលការប្រកួតឈានដល់នាទី ទី៩៧ Ronaldo បានស៊ុតបាល់ពីចំណុច ១១ម៉ែត្រចូលទីយ៉ាងល្អ ដើម្បីធ្វើឲ្យក្រុមខ្លួនចាញ់ ៣-១ ប៉ុន្តែឈ្នះទាំង២ ជើងក្នុងលទ្ធផល ៤-៣។ អ្នកចាំទី Gianluigi Buffon ដែលបានបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី២៥ របស់គេ និងអាចជាលើកចុងក្រោយ មុននឹងចូលនិវត្តន៍ បានរងពិន័យកាតក្រហមសម្រាប់ការតវ៉ារបស់គេ៕

កែសម្រួលដោយ៖ cambosport
ប្រភព៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.