v9

គ្រូបង្វឹកក្រុម Ceres ថា ការជួបបឹងកេត ល្ងាចនេះអាចមានសម្ពាធ ប៉ុន្តែរំពឹងឈ្នះ ៣ពិន្ទុ

3 months ago​ | ដោយ V-Dara

ក្រុម Ceres-Negros របស់ហ្វីលីពីន បានបង្ហាញពីឆន្ទៈក្នុងការផ្តួលក្រុមបឹងកេត ម្តងទៀត សម្រាប់ការវិលមកជួបគ្នាជាថ្មី ក្នុងការប្រកួតជម្រុះវគ្គចែកពូលពានរង្វាន់ AFC Cup 2018 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃពុធនេះ ប៉ុន្តែគ្រូបង្វឹកក្រុមបឹងកេត ក៏បានជំរុញកូនក្រុមរបស់ខ្លួន ឲ្យលេងអស់ពីសមត្ថភាព ដើម្បីតតាំងជាមួយគូសត្រូវចាស់មួយនេះ នៅលើទឹកដីរបស់ខ្លួនផងដែរ។

គេនៅចាំបានថា Ceres-Negros គឺជាក្រុមដំបូងគេ ដែលធ្វើឲ្យក្រុមបឹងកេត ជួបការខកចិត្តខ្លាំងបំផុត ក្នុងការប្រកួតអន្តរជាតិរបស់ខ្លួន តាមរយៈការលត់បឹងកេត ៩-០ ខណៈពេលនេះ Ceres-Negros ដែលកំពុងឈរនៅកំពូលតារាងប្រចាំពូលF ដោយមាន ១០ពិន្ទុ ហើយតាមពីក្រោយដោយក្រុម Home United របស់សិង្ហបុរី ដែលមាន៧ពិន្ទុនោះ ត្រូវការឈ្នះ បឹងកេត លើកនេះជាចាំបាច់ ដើម្បីធ្វើឲ្យមានភាពប្រាកដ ក្នុងការទទួលបានឱកាសឡើងទៅប្រកួតនៅវគ្គបន្ត។

លោក Risto Vidakovic គ្រូបង្វឹកក្រុម Ceres-Negros បានថ្លែងក្នុងសន្និសីទកាសែត នៅពហុកីឡដ្ឋានជាតិ កាលពល្ងាចថ្ងៃអង្គារថា៖ «ការប្រកួតនៅថ្ងៃស្អែក ជាការប្រកួតដ៏សំខាន់ ព្រោះបើយើងឈ្នះ យើងនឹងបានឡើងទៅកាន់វគ្គបន្ត។ ការប្រកួតជើងទី១ យើងបានឈ្នះក្រុមបឹងកេត ច្រើនគ្រាប់ ប៉ុន្តែលើកនេះ បឹងកេត អាចនឹងលេងដោយមិនសូវមានសម្ពាធ ព្រោះលេងនៅលើទឹកដីរបស់ខ្លួន អ៊ីចឹងការប្រកួតនេះ អាចនឹងមានការខុសប្លែកគ្នាជាងការប្រកួតលើកមុន ហើយតាមការសិក្សារបស់ខ្ញុំ បឹងកេត ជាក្រុមខ្លាំងពេលលេងនៅក្នុងទឹកដី។ ហេតុនេះវាអាចនឹងមានការលំបាក ប៉ុន្តែយើងមកទីនេះ ដើម្បីឈ្នះ»។

លោកបានបន្ថែមថា៖ «នេះជាការប្រកួតដ៏សំខាន់ អ៊ីចឹងយើងនឹងដាក់កីឡាករល្អបំផុតរបស់យើងឲ្យចូលលេង ដើម្បីស្វែងរកជ័យជម្នះ និងបានឡើងទៅវគ្គបន្តទៀត ប៉ុន្តែការប្រកួតនេះ យើងអាចមានសម្ពាធជាងក្រុមបឹងកេត ព្រោះយើងត្រូវការឈ្នះជាចាំបាច់ តែនេះមិនមែនជាការប្រកួតដ៏ពិសេសសម្រាប់បឹងកេត នោះទេ ព្រោះខ្ញុំគិតថា បឹងកេត អស់ឱកាសប្រជែងទៅវគ្គបន្តហើយ ទោះនៅពេលនេះមាន៣ពិន្ទុ ក្នុងដៃក៏ដោយ»។

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.