v9

Fan Sport ធ្លាក់ពីកំពូលតារាងដូច ក្រុមបឹងកេត មុនសម្រាកបុណ្យចូលឆ្នាំខ្មែរ

3 months ago​ | ដោយ V-Dara

ក្រុមហ្វុតសាល Fan Sport FT មានវាសនាមិនខុសពីក្រុមបឹងកេត នោះទេ គឺពួកគេបានធ្លាក់ចេញពីកំពូលតារាងនៃការប្រកួតជម្រើសឯកឯកជាតិបាល់ទាត់ក្នុងសាល ឆ្នាំ២០១៨ (National Futsal League 2018) ដូច បឹងកេត ដែលបានធ្លាក់ចេញពីកំពូលតារាង នៃលីកកំពូលកម្ពុជា ផងដែរ មុនពេលព្រឹត្តិការណ៍ទាំង២នេះ ត្រូវសម្រាក ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

ក្រុម Fan Sport ដែលបានឈ្នះគ្រប់ការប្រកួត កន្លងមកនេះ បានចាញ់ក្រុម Home Sport FC រហូតដល់ ១៣-៤ ក្នុងការប្រកួតសប្តាហ៍ទី៥ កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុននេះ ហើយលទ្ធផលនេះបានធ្វើឲ្យ Fan Sport FT ធ្លាក់ចេញពីកំពូលតារាង មកឈរនៅលេខរៀងទី២វិញ ដោយមាន១២ពិន្ទុដដែល។

ផ្ទុយពីនេះក្រុម Down Town Sport នៅតែរក្សាបាននូវកំណត់ត្រាដ៏ល្អរបស់ពួកគេ ខណៈក្រុមមួយនេះ បានស្មើ ៧-៧ ជាមួយក្រុមអាណាចក្របៃតង ហើយលទ្ធផលនេះ បានជួយធ្វើឲ្យ Down Town Sport មាន១៣ពិន្ទុ និងបានឡើង ទៅឈរនៅកំពូលតារាងជំនួសក្រុម Fan Sport FT វិញម្តង។

ចំណែកក្រុមម្ចាស់ជើងឯករងឆ្នាំចាស់ ឪម៉ាល់ ក្រុមម្ចាស់ជើងឯកឆ្នាំចាស់ ស.ស.យ.ក កំចាយមារ សុទ្ធតែទទួលបាន៣ពិន្ទុបន្ថែម ដើម្បីឡើងបាន១ចំណាត់ថ្នាក់ គឺក្រុមឪម៉ាល់ បានឡើងពីលេខ៦ មកឈរនៅលេខ៥ ក្រោយយកឈ្នះក្រុម Panda FC ៤-៣ ហើយក្រុមកំចាយមារ បានឡើងពីលេខ៨មកឈរនៅលេខ៧ ដោយបានយកឈ្នះក្រុមឆន្ទៈកីឡា ៦-២។

ដោយឡែក ក្រុមយុវជន៧មករា ដែលចាញ់ទាំង៤ប្រកួតជាប់ៗគ្នានោះ បានរកឃើញការឈ្នះលើកដំបូងរបស់ខ្លួនហើយ ក្រោយពេលពួកគេបានយកឈ្នះក្រុម B.A United ៧-៣ ហើយលទ្ធផលនេះ បានជួយឲ្យពួកគេមាន៣ពិន្ទុ និងបានឡើងមកឈរនៅលេខរៀងទី៩ ដោយបានរុញទម្លាក់ក្រុម B.A United ទៅឈរនៅបាតតារាងវិញម្តង។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាលទ្ធផលប្រកួតបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះក្រុមទាំង១០នេះ ត្រូវប្រកួតវិលជុំ ចំនួន១៤លើកទៀត ទើបបានដឹងច្បាស់ និងរកឃើញរកក្រុមខ្លាំងចំនួន៤ពិតប្រាកដសម្រាប់ឡើងទៅប្រកួតវគ្គខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ ប៉ុន្តែនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ក្រុមទាំង១០ ត្រូវសម្រាកមួយសប្តាហ៍ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺដូចគ្នាទៅនឹងក្រុមទាំង១២ ដែលលេងនៅលីកកំពូលផងដែរ ដែលត្រូវសម្រាកមួយសប្តាហ៍ដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.