v9

រកឃើញជើងខ្លាំងទាំង ៨រូប ត្រូវឡើងទៅប្រកួតយកតំណែងស្តេចអុក នៅអង្គរសង្រ្កាន្ត

8 months ago​ | ដោយ V-Dara

សហព័ន្ធកីឡាអុកកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរកឃើញបេក្ខភាពជើងខ្លាំងទាំង៨រូប សម្រាប់ឡើងទៅប្រកួតផ្តាច់ព្រ័ត្រ យកតំណែងស្តេចអុក ប្រចាំឆ្នាំ២០១៨ នៅអង្គរសង្រ្កាន្ត ខេត្តសៀមរាប នាថ្ងៃបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ជាផ្លូវការហើយ ប៉ុន្តែក្នុងនោះគ្មានវត្តមានអតីតស្តេចអុកឆ្នាំ២០១៦ និងអតីតស្តេចអុក ឆ្នាំ២០១៧ នោះទេ។

តាមរយៈការប្រកួតកីឡាអុកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ នៅទីស្នាក់ការ NOCC ដើម្បីជម្រុះយកជើងខ្លាំងចំនួន៨នាក់ ឡើងទៅប្រកួតផ្តាច់ព្រ័ត្រ នៅអង្គរសង្រ្កាន្ត កាលពីថ្ងៃអាទិត្យ ម្សិលមិញ ស្តេចអុក ឆ្នាំ២០១៧ ហេង សៅឌី និងស្តេចអុកឆ្នាំ២០១៦ ហូយ សូណា សុទ្ធតែបានធ្លាក់ត្រឹមវគ្គជម្រុះតាមពូល ក្នុងចំណោមជើងខ្លាំងមកពី២៤នាក់ នៅទូទាំងប្រទេសកម្ពុជា។

ផ្ទុយពីនេះអតីតស្តេចឆ្នាំ២០១៤ និងឆ្នាំ២០១៥ ឈាវ បូរ៉ា បានទទួលចំណាត់ថ្នាក់លេខ១ប្រចាំពូលC ដោយឈ្នះ២ និងស្មើ១ប្រកួត ឯលេខ២បានទៅកីឡាករ ធីម ឌីណា។ ចំណែកកីឡាករ អេង សេងហៀក បានលេខ១ប្រចាំពូលA លេខ២ ស៊ីវ ស៊ីន ខណៈពូលB លេខ១ សុខ លឹមហេង លេខ២ កែវ វឌ្ឍនា ពូលD លេខ១ ប៉ោ សារិទ្ធ លេខ២ មាស សុភក្តិ ពូល E លេខ ១ ប៊ូ ប៉ុណ្ណម៉ាលីកា លេខ២ ឃឹម ឃឹម ហើយពូលF លេខ១បានទៅជើងឯករងស្តេចអុកឆ្នាំ២០១៧ ប៊ិន គាសេង និងលេខ២ ឃុត ប្រិមប្រិយ។

ចំពោះការប្រកួតវគ្គខ្វែង ដែលត្រូវបានធ្វើនៅថ្ងៃអាទិត្យនោះដែរ ឈាវ បូរ៉ា បានយកឈ្នះ មាស សុភក្តិ ស្របពេលកីឡាករ អេង សេងហៀក បានទម្លាក់ ឃុត ប្រិមប្រិយ ប៉ុន្តតែ ប៊ិន គាសេង បានចាញ់ ស៊ីវ ស៊ីន ហើយ សុខ លឹមហេង បានយកឈ្នះ ឃឹម ឃឹម។ រីឯ កែវ វឌ្ឍនា បានទម្លាក់ ប៊ូ ប៉ុណ្ណម៉ាលីកា ស្របពេល ធីម ឌីណា បានឈ្នះ ប៉ោ សារិទ្ធ។

យោងតាមលទ្ធផល និងលក្ខខណ្ឌនៃការប្រកួត គឺ ឈាវ បូរ៉ា, ស៊ីវ ស៊ីន, សុខ លឹមហេង, កែវ វឌ្ឍនា, ធីម ឌីណា និង អេង សេងហៀក បានឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ។ ចំណែក ឃុត ប្រិមប្រិយ, ប៊ិន គាសេង , ឃឹម ឃឹម, ប៊ូ ប៉ុណ្ណម៉ាលីកា, មាស សុភក្តិ និង ប៉ោ សារិទ្ធ ត្រូវដាក់ឲ្យប្រកួតវិលជុំ យកអ្នកឈ្នះ២នាក់ទៀត។

ជាលទ្ធផលកីឡាករជើងចាស់ ប៊ិន គាសេង និង ប៊ូ ប៉ុណ្ណម៉ាលីកា បានក្លាយជាបេក្ខភាព ដែលទទួលបានពិន្ទុច្រើនជាងគេ នឹងបានឡើងទៅប្រកួតផ្តាច់ព្រ័ត្រ យកតំណែងស្តេចអុក នៅអង្គរសង្រ្កាន្ត ជាមួយ ឈាវ បូរ៉ា, ស៊ីវ ស៊ីន, សុខ លឹមហេង, កែវ វឌ្ឍនា, ធីម ឌីណា និង អេង សេងហៀក ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.