v9

ថវិកាប្រមូលបានពីការរត់ពាក់កណ្តាលម៉ារ៉ាតុងអង្គរ ធ្លាក់ដល់ដៃអង្គការ និងមន្ទីពេទ្យ កាលពីព្រឹកមិញ

9 months ago​ | ដោយ V-Dara

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មការម៉ារ៉ាតុង រួមទាំងម្ចាស់ឧបត្ថម្ភធំ Manulife បាននាំយកថវិកាសប្បុរសធម៌ ដែលប្រមូលបានពីការប្រកួត The 22nd Angkor Wat International Half Marathon 2017 មកផ្តល់ជូនដល់អង្គការ និងមន្ទីពេទ្យចំនួន១០ កាលពីថ្ងៃអង្គារព្រឹកមិញនេះ។

ក្នុងពិធីប្រគល់ថវិកាសប្បុរធម៌ នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញ ដែលមានការចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក សែម ផល្លា នាយកចាត់ការទូទៅនៃការប្រកួតពាក់កណ្តាលម៉ារ៉ាតុង និងម៉ារ៉ាតុង ព្រមទាំងលោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌានោះ គឺបាននាំយកថវិកាចំនួន១១៦៤០០ដុល្លារ មកប្រកួតជូនដល់អង្គការ និងមន្ទីពេទ្យ សរុបចំនួន១០។

ថវិកាទាំងនោះ ត្រូវបានបែងចែករួចជាស្រេច ទៅតាមទំហំទឹកប្រាក់ ដែលប្រមូលបានពីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២២ ឆ្នាំ២០១៧ កន្លងមកនេះ ដោយក្នុងនោះមន្ទីពេទ្យកុមារអង្គរ ទទួលបានច្រើនជាងគេ គឺចំនួន៨២០០០ដុល្លារ ហើយបន្ទាប់មកអង្គការ Cambodian Red Cross ទទួលបាន៦០០០ដុល្លារ និងមន្ទីពេទ្យគន្ធបុប្ផា ទទួលបាន៥០០០ដុល្លារ។

ចំណែកអង្គការ Sopport Disable Athletics ទទួលបាន២៤០០ដុល្លារ ព្រមទាំងអង្គការ New Child Care Center អង្គការ Physical Education Project អង្គការ Youth Development Project ដែលសុទ្ធតែស្ថិតក្រោមចំណុះរបស់អង្គការ Heart of Gold Project របស់ជប៉ុននោះ បានទទួលមួយអង្គការ២០០០ដុល្លារដូចគ្នា។ រីឯអង្គការ Cambodia Trust អង្គការ Cambodia Disable Arthletics និងអង្គការ Handicap International Belgium ទទួលបានថវិកាចំនួន១០០០ដុល្លារ ដូចគ្នា។

បើតាមលោក សែម ផល្លា បានឲ្យដឹងថា ថវិកា ដែលបានយកមកប្រគល់ជូនដល់អង្គការ និងមន្ទីរពេទ្យទាំង១០ លើកនេះ គឺមានការកើនឡើងជាងឆ្នាំមុនៗ។ លោកបានថ្លែងថា៖«អង្គការ និងមន្ទីពេទ្យ ដែលយើងបានជួយអស់រយៈពេល២២ឆ្នាំកន្លងមកនេះ គឺយើងមានទឹកប្រាក់បន្ថែមពីលើចំនួន១៤០០០ដុល្លារទៀត ដែលធ្វើឲ្យថវិកាត្រូវប្រគល់ជូនលើកនេះ មានចំនួនច្រើនជាងលើកមុនៗ។ ប៉ុន្តែវាមិនមែនតែត្រឹមប៉ុណ្ណឹងទេ គឺយើងនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េច ឲ្យថវិកាសប្បុរសធម៌នេះ មានចំនួនកើនថែមទៀត នៅឆ្នាំក្រោយៗ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.