v9
V9BET

សហព័ន្ធវាយកូនគោល បន្ថែមសមាជិកប្រតិបត្តិថ្មី ពង្រឹងគុណភាពការងារ ក្នុងឆ្នាំ២០១៨

1 year ago​ | ដោយ V-Dr

សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបន្ថែមសមាជិកប្រតិបត្តិថ្មីចំនួន ៥នាក់ទៀត ដើម្បីចូលរួម ជួយលើកស្ទួយវិស័យនេះ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ដើម្បីឈានទៅសម្រេចទិសដៅ និងផែនការយុទ្ធសាស្រ្តគឺ «កម្ពុជាឆ្ពោះទៅរកគុណផលកីឡាកម្រិតខ្ពស់» ក្នុងការទទួលបានជោគជ័យ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលត្រូវធ្វើ នៅកម្ពុជា ដោយ NOCC ដាក់គោលដៅឲ្យក្រុមវាយកូនហគោលរកមេដាយមាសឲ្យបានយ៉ាងហោច១ ព្រឹត្តការណ៍ដ៏ធំនោះ។

តាមខ្លឹមសារ ដែលត្រូវបានប្រកាស និងសម្រេចជាផ្លូវការ នៅសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ នៅទីស្នាក់ការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីព្រឹកថ្ងៃចន្ទ ម្សិលមិញ គឺសហព័ន្ធកីឡាវាយកូនគោល បានបន្ថែមបេក្ខភាពថ្មីចំនួន៥នាក់ ក្នុងនោះមានលោកឧត្តរសេនីយ៍ សៅ ច័ន្ទតារា និង លោក សុខ សុធីរ៉ា ដែលត្រូវដាក់ជាអគ្គលេខាធិការរង លោក កែវ រស់ ជាអគ្គហិរញ្ញឹក ព្រមទាំងអ្នកស្រី តិម៉ា វិច្ឆកាល និងលោក សុខ វណ្ណា ជាសមាជិក។

ការបន្ថែមសមាជិកប្រតិបត្តិចំនួន ៥នាក់នេះ គឺដោយសារតែ លោក នូ អេលីដែន លោក ពៅ ពេជ្រមេត្តា និងលោក ថោង សុខាំមុន្នី បានលាឈប់ពីតួនាទីជាសមាជិករបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ព្រោះអ្នកទាំង៣នេះ សុទ្ធតែជាកីឡាករជម្រើសជាតិវាយកូនគោល ដែលមានការមមាញឹក ក្នុងការហ្វឹកហាត់ ក្នុងការប្រមូលផ្តុំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ជាមួយការបន្ថែមសមាជកប្រតិបត្តិថ្មីចំនួន ៥នាក់ ជំនួសទៅលើសមាជិក ៣នាក់ ដែលបានលាឈប់នោះ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គសហព័ន្ធកីឡាវាយកូនកោលកម្ពុជា តំណាងរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលជាប្រធានសហព័ន្ធនោះ បានថ្លែង ក្នុងសន្និបាតនោះថា៖ «សមាជិករបស់យើងបានលាឈប់៣នាក់ ប៉ុន្តែយើងបានបន្ថែមចំនួន៥នាក់វិញ អ៊ីចឹងយើងមានកម្លាំង កាន់តែច្រើន ក្នុងការចូលរួមលើកស្ទួយវិស័យកីឡាកូនគោលរបស់យើង គឺពីមុនយើងមានគណៈកម្មាធិការប្រតិបត្តតែ៩នាក់ ឥឡូវយើងមានរហូតដល់១១នាក់»។

តាមរយៈការដោះដូរ និងបន្ថែមសមាជិកប្រតិបត្តិថ្មី៥នាក់នេះ បានធ្វើឲ្យសហព័ន្ធកីឡាវាយកូនគោលកម្ពុជា មានគណៈកម្មាធិការប្រតិបត្តិចំនួន១១នាក់ ក្នុងនោះមានលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាប្រធាន លោក ឯក សុខចាន់ ជាអនុប្រធាន លោក ជា បូរ៉ា ជាអគ្គលេខាធិការ លោក ស៊ឹម ស៊ូយុង លោក ឆោម សំបូរ លោក ម៉ុន សុខជា លោក សៅ ច័ន្ទតារា និងលោក សុខ សុធីរ៉ា ជាអគ្គលេខាធិការរង លោក កែវ រស់ ជាអគ្គហិរញ្ញឹក ព្រមទាំងអ្នកស្រី តិម៉ា វិច្ឆកាល និងលោក សុខ វណ្ណា ជាសមាជិក។

លោក ជា បូរ៉ា បានបន្ថែមថា៖ «សន្និបាត នៅថ្ងៃនេះ បានបញ្ចប់ទៅដោយជោគជ័យ និងបានយល់យល់ច្បាស់ពីលក្ខណៈសម្បត្តិរបស់សហព័ន្ធ ព្រមទាំងបានទទួលមតិយោបល់ល្អៗជាច្រើន ដែលជាធាតុចូលរួមដ៏សំខាន់ សម្រាប់សហព័ន្ធ យកទៅពិនិត្យបន្ថែម ដើម្បីធ្វើផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពឲ្យបានកាន់តែល្អប្រសើរថែមទៀត»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.