v9

រឿង សោភ័ណ្ឌ វ៉ៃ Nam Khak Buon ឲ្យសន្លប់ម្តងទៀត មុនទៅវ៉ៃដណ្តើមខ្សែក្រវាត់នៅបារាំង

4 months ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ បានវ៉ៃគូសត្រូវចាស់មកពីប្រទេសថៃ Nam Khak Buon ឲ្យសន្លប់ធំជាថ្មីម្តងទៀត សម្រាប់ការវិលមកជួបគ្នា នៅលើសង្វៀន CNC កាលពីល្ងាចថ្ងៃអាទិត្យ ខណៈ ខេម ចាន់ បានផ្តួលថៃឲ្យសន្លប់ ដើម្បីឈ្នះក្នុងការប្រកួតអន្តរជាតិ លើកដំបូងរបស់ខ្លួន កាលពីម្សិលមិញនោះដែរ។

វាមិនមែនជាលើកទី១នោះទេ ដែលកីឡាករថៃ Nam Khak Buon បានសន្លប់ក្រោមកណ្តាប់ដៃ រឿង សោភ័ណ្ឌ ព្រោះការជួបគ្នា២លើកកន្លងមក Nam Khak Buon បានវ៉ៃថៃម្នាក់នេះ ឲ្យសន្លប់នៅក្នុងទឹកទី២ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ និងបានបន្តឈ្នះពិន្ទុ សម្រាប់ការជួបគ្នា ជាលើកទី២ ក្នុងវគ្គជម្រុះដណ្តើមប្រាក់លាន នៅលើសង្វៀន CNC នេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

យ៉ាងណាក៏ដោយ សម្រាប់ការវិលមកសងសឹកជាលើកទី២នេះ Nam Khak Buon បាននិយាយមុនការប្រកួតថា ការចាញ់លើកទី១ ជាការភ្លាត់ស្នៀត ហើយការចាញ់ពិន្ទុលើកទី២ ដោយដារចៅក្រមផ្តល់ពិន្ទុមិនសុក្រឹត្យ ព្រោះរូបគេវាយបានល្អជាង តែនៅតែឲ្យចាញ់ រឿង សោភ័ណ្ឌ។ Nam Khak Buon បានបញ្ជាក់ថា ការមកជួបគ្នាលើកនេះ គេនឹងយកទាំងការ ទាំងចុង ពី រឿង សោភ័ណ្ឌ ត្រឡប់ទៅវិញ។

តាមរយៈការប្រកួតជាក់ស្តែង អ្នកទាំងបានវ៉ៃប្តូរតាំងពីទឹកទី១ ដែលធ្វើឲ្យអ្នកទស្សនា មានការពេញចិត្តយ៉ាងខ្លាំង។ រឿង សោភ័ណ្ឌ ក៏បានទទួលរងការម៉ាត់ ពិសេសបុកជង្គង់ចូលធ្ងន់ៗពីសំណាក់ Nam Khak Buon ផងដែរ ប៉ុន្តែការប្តូរកណ្តាប់ដៃគ្នា នៅដើមទឹកទី៣ Nam Khak Buon ត្រូវបាន រឿង សោភ័ណ្ឌ ម៉ាត់ឆ្វេងចូលពេញទំហឹង បណ្តាលឲ្យដួលដេក ក្រោកលែងរួចតែម្តង។

ជ័យជម្នះរបស់ រឿង សោភ័ណ្ឌ បានធ្វើឲ្យអ្នកទស្សនាមានការពេញចិត្តខ្លាំង និងមានការភ្ញាក់ផ្អើលជាងការប្រកួតកន្លងមក ហើយពួកគេភាគច្រើន មានការជឿជាក់ខ្លាំងទៅលើ រឿង សោភ័ណ្ឌ ថាអាចនឹងដណ្តើមបានខ្សែក្រវាត់ពីប្រទេសបារាំងត្រឡប់មកវិញ ដោយ រឿង សោភ័ណ្ឌ នឹងត្រូវចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមេសា ខាងមុខនេះ។

ដោយឡែកកីឡាករជើងថ្មី ខេម ចាន់ មកពីក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានវ៉ៃអ្នកប្រដាល់មកពីថៃឈ្មោះ មឿនស៊ុនថង រហូតអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតនៅទឹកទី៤។ ទោះយ៉ាងណា មឿនស៊ុនថង មកប្រកួតជំនួសមិត្តរួមជាតិរបស់គេគឺ Vigo ដែលមិនអាចមកប្រកួតបាន តាមការផ្គងផ្គូរបស់គណៈកម្មការប្រកួត៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.