v9

ឡៅ ចន្ទ្រា ដេញវ៉ៃ Neong Trakan ពេញសង្វៀន ដើម្បីសម្រេចការសងសឹកពីអតីតកាល

3 weeks ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចន្ទ្រា បានសម្រេចការសងសឹកលើជើងខ្លាំងរបស់ថៃ Noeng Trakan សម្រាប់ការវិលមកជួបគ្នាជាថ្មី ក្នុងការប្រកួតជម្រុះវិលជុំលើកទី៤ ចុងក្រោយ ដណ្តើមពានអន្តរជាតិកំពូកអ្នកប្រដាល់កណ្តាប់ដៃដែក ISI Palm នៅលើសង្វៀន CNC កាលពីថ្ងៃអាទិត្យ ឯ មាស សុជាតិ បានទាត់ថៃឲ្យខូចជើង មុនធ្លាក់ពីការប្រកួតនេះ។

ឡៅ ចន្ទ្រា ធ្លាប់បានទទួលការខកចិត្តក្រោមស្នាដៃ Noeng Trakan ម្តងហើយ ដោយរូបគេបានចាញ់ពិន្ទុថៃម្នាក់នេះ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមប្រាក់លាន នៅសង្វៀន CNC នេះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែសម្រាប់ការវិលមកជួបគ្នា ជាលើកទី២នេះ ឡៅ ចន្ទ្រា បានបង្ហាញពីក្បាច់ប្រកួតយ៉ាងល្អ ដើម្បីយកឈ្នះ Neong Trakan វិញ។

បើទោះបីជាការប្រកួតនេះ មានភាពតានតឹងខ្លាំង ប៉ុន្តែចាប់ពីទឹកទី៣ទៅ ឡៅ ចន្ទ្រា បានតាមវ៉ៃ Noeng Trakan រហូត ដើម្បីយកប្រៀបនៅក្នុងទឹកទី៣ និងទឹកទី៤ តាមរយៈការម៉ាត់ បុកជង្គង់ និងវាយកែង។ ចំណែក មាស សុជាតិ បានបុកកែងបណ្តាលឲ្យថៃ Phan Chhai បែកក្រោមភ្នែកស្តាំតាំងពីទឹកទី២ មុនពេលរូបគេបានទាត់ Phan Chhai ឲ្យខូចជើងឆ្វេង និងបោះបង់ការប្រកួត នៅទឹកទី៣ ធ្វើឲ្យ៤ប្រកួតរបស់គេ បានបញ្ចប់ជាមួយការឈ្នះ១ និងចាញ់៣ប្រកួត។

តាមរយៈការជម្រុះវិលជុំទាំង៤លើកនេះ ឡៅ ចន្ទ្រា បានឈ្នះទាំង៤ប្រកួត គឺបានផ្តួល Chhan Chhai ឲ្យសន្លប់នៅទឹកទី៣ វ៉ៃកែងឲ្យ Rong Nakpha សន្លប់ទឹកទី៤ បុកជង្គង់ Phan Chhai និងឈ្នះពិន្ទុ Noeng Trakan លើកនេះ ដើម្បីទទួលបានលេខ១ ខណៈ Noeng Trakan ឈរនៅលេខ២ ដោយឈ្នះ៣ និងចាញ់១ ហើយថៃ Rong Nakpha ឈរនៅលេខ៣ ដោយឈ្នះ៣ និងចាញ់១ដែរ ចំណែក ពុទ្ធ ឆាយរិទ្ធី ឈរនៅលេខ៤ ដោយឈ្នះ២ និងចាញ់២ប្រកួត។

ប៉ុន្តែកីឡាករថៃ Chhan Chhai ដែលឈ្នះ២ និងចាញ់២ដង កីឡាករកម្ពុជា ឆៃ សារ៉ា និង មាស សុជាតិ ដែលឈ្នះ១ និងចាញ់៣ប្រកួតដូចគ្នា រួមទាំងថៃ Phan Chhai ដែលចាញ់ទាំង៤ប្រកួត បានធ្លាក់ចេញពីការប្រកួតនេះដូចគ្នា៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77