v9

រឿង សោភ័ណ្ឌ ផ្តល់ឱកាសឲ្យ Nam Khak Buon សងសឹក លើកទី៣ មុនហោះទៅវ៉ៃនៅបារាំង

4 months ago​ | ដោយ V-Dara

កីឡាករជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ ដែលកំពុងបង្កើនការហ្វឹកហាត់ ដើម្បីត្រៀមចេញទៅប្រកួតនៅប្រទេសបារាំង នៅដើមសប្តាហ៍ខាងមុខនេះ នឹងត្រូវឡើងប្រកួតលើកចុងក្រោយរបស់ខ្លួន នៅលើសង្វៀន CNC នារសៀលថ្ងៃអាទិត្យនេះ ដើម្បីបើកឱកាសឲ្យអ្នកប្រដាល់ថៃ Nam Khak Buon បានប្រកួតសងសឹកលើរូបគេ ជាលើកទី៣។

សិស្សគណក្លិបមកុដរាជសីហ៍ រឿង សោភ័ណ្ឌ ធ្លាប់បានប្រាប់ថា រូបគេ នឹងត្រូវចេញទៅប្រកួតនៅប្រទេសបារាំង នាថ្ងៃទី៤ ខែមេសា។ សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ខ្ញុំត្រូវនៅប្រទេសបាំរាំងរយៈពេល៣ខែ»។

បើតាមការលើកឡើងរបស់ រឿង សោភ័ណ្ឌ អាចបញ្ជាក់បានថា ការប្រកួតជាមួយកីឡាករថៃ Nam Khak Buon នៅថ្ងៃអាទិត្យនេះ នឹងក្លាយជាការប្រកួតចុងក្រោយរបស់គេ នៅលើសង្វៀនក្នុងស្រុក មុនពេល សោភ័ណ្ឌ ត្រូវចាកចេញទៅប្រកួតបារាំង។

តាមពិតទៅ Nam Khak Buon ធ្លាប់បានចាញ់ រឿង សោភ័ណ្ឌ ២លើកមកហើយ ដោយក្នុងជួបគ្នាលើកទី១ សោភ័ណ្ឌ បានវ៉ៃថៃម្នាក់នេះ ឲ្យសន្លប់នៅក្នុងទឹកទី២ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ហើយការជួបគ្នា ក្នុងការប្រកួតដណ្តើមប្រាក់លាន នៅលើសង្វៀន CNC នេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ Nam Khak Buon បានចាញ់កីឡាករ រឿង សោភ័ណ្ឌ ដោយពិន្ទុ ក្នុងវគ្គជម្រុះ គឺមុនពេល សោភ័ណ្ឌ បន្តទៅផ្តួល ឡុង សុវណ្ណឌឿន យ៉ាងងាយ ដើម្បីឈ្នះបានប្រាក់រង្វាន់ចំនួន៤លានរៀលនោះ។

ចំណែកការវិលមកជួបគ្នាលើកនេះ គេនៅមិនទាន់ដឹងថា Nam Khak Buon ដែលធ្លាប់ឈ្នះ១ និងចាញ់១ ជាមួយ ឡុង សុវណ្ណឌឿន ឈ្នះ ស រាជសីហ៍ ២ដង ព្រមទាំងឈ្នះពិន្ទុ ផុន ផាន់ណា និង មឿន សុខហ៊ុច នោះ មានស្នៀតអ្វីប្លែក ដើម្បីយកមកសងសឹកជាមួយ រឿង សោភ័ណ្ឌ នោះទេ ប៉ុន្តែចំពោះ សោភ័ណ្ឌ កំពុងបង្កើនការហ្វឹកហាត់ខ្លាំង ព្រោះរូបគេចង់ឈ្នះការប្រកួតលើកចុងក្រោយនេះ មុនពេលចេញទៅប្រកួតនៅប្រទេសបារាំង។

ដោយឡែកកីឡាករកម្ពុជា ខេម ចាន់ របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិ ជាលើកដំបូង ដោយរូបគេជួបអ្នកប្រដាល់ថៃ Vigo ក្នុងទម្ងន់៥៤គីឡូក្រាម។ កីឡាករវ័យ២០ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ ខេម ចាន់ ទើបប្រកួតបាន៣៣ដង ឈ្នះ២៤ ចាញ់៦ និងស្មើ៣ដង គឺតិចជាងអ្នកប្រដាល់វ័យ២១ឆ្នាំ កម្ពស់ ១,៦៥ម៉ែត្រ Vigo ដែលធ្លាប់ប្រកួត៦២ដង ឈ្នះ៥០ និងចាញ់១២ដង។

Vigo ធ្លាប់មកប្រកួតនៅកម្ពុជាច្រើនលើកមកហើយ ចំណែក៥ប្រកួតចុងក្រោយរបស់គេ គឺគេបានឈ្នះពិន្ទុ អ៊ឹង បូរ៉ា ឈ្នះ បឺត សង្ឃឹម ទឹកទី៤ ឈ្នះ វ៉ាន វឿន ទឹកទី២ ចាញ់ ធន់ មករា ទឹកទី៤ និងបានឈ្នះ បឺត សង្ឃឹម នៅទឹកទី៣ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ហើយតាមលទ្ធផលនៃការប្រកួតនេះគឺ ខេម ចាន់ អាចមានការលំបាកច្រើន ក្នុងការស្វែងរកជ័យជម្នះ ក្នុងការប្រកួតលើកទី១របស់គេលើកនេះ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.