v9

ក្រុមឡេតូនី ទម្លាក់ក្រុមបាល់ទះអង្គុយកម្ពុជា ប៉ុន្តែម្ចាស់ផ្ទះកូរ៉េ បន្តយកឈ្នះអ៊ីតាលី ដើម្បីយកលេខ១

9 months ago​ | ដោយ V-Dara

ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតជម្រុះកីឡាបាល់ទះអង្គុយជនពិការជើងឯកពិភពលោក ឆ្នាំ២០១៨ របស់ក្រុមកីឡាបាល់ទះអង្គុយជនពិការកម្ពុជា បានបាត់បង់ទាំងស្រុង បន្ទាប់ពីពួកគេ បានចាញ់ក្រុមឡេតូនី ក្នុងការប្រកួតយ៉ាងស្វិតស្វាញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង បានបន្តយកឈ្នះក្រុមអ៊ីតាលី ៣-០ ដើម្បីទទួលបានលេខ១ ប្រចាំពូលAនេះ។

នៅក្នុងការប្រកួតកាត់សេចក្តីយ៉ាងសំខាន់ ដើម្បីរកក្រុមឈ្នះ ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកមិញនេះ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានធ្វើការនាំមុខក្រុមឡេតូនី ១សិតមុន តាមរយៈការយកឈ្នះ ជាមួយគ្រាប់បាល់ ២៥-១៨។

ប៉ុន្តែការប្រកួតនៅសិតទី២ ទី៣ និងសិតទី៤ ក្រុមបាល់ទះអង្គុយជនពិការឡេតូនី បានកែប្រែការប្រកួតរបស់ពួកគេ បានប្រកួតយ៉ាងល្អ ដើម្បីយកឈ្នះក្រុមកម្ពុជា៣សិតជាប់ៗគ្នាតែម្តង ជាមួយគ្រាប់បាល់ ២៥-២២ ២៥-១៧ និង ២៨-២៦។

ការយកឈ្នះក្រុមកម្ពុជា ៣-១ នេះ បានជួយឲ្យក្រុមឡេតូនី ឈរនៅលេខ២ប្រចាំពូលA ដោយឈ្នះ២ និងចាញ់១ប្រកួត នឹងទទួលបានឱកាសឡើងទៅកាន់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំពូលនេះ ជាមួយក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ដែលបានបន្តយកឈ្នះក្រុមអ៊ីតាលី ៣-០ ជាមួយគ្រាប់បាល់ ២៥-២៣ ២៥-១១ និង ២៥-១៦ ដើម្បីទទួលបានលេខ ១ ប្រចាំពូល A នេះ ដោយឈ្នះទាំង៣ប្រកួត។

ក្រុមកូរ៉េខាងត្បូង និងឡេតូនី អាចនឹងត្រូវជួបក្រុមក្រុមក្រូអាស៊ី និងក្រុមថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះគិតត្រឹមពេលនេះក្រុមក្រូអាស៊ី កំពុងឈរនៅកំពូលតារាងប្រចាំពូល៣ ដោយយកឈ្នះថៃ ៣-០ ប៉ុន្តែថៃ បានយកឈ្នះក្រុមម៉ុងហ្គោលី ៣-០ ដើម្បីឈ្នះ១ និងចាញ់១ប្រកួត ហេតុនេះម៉ុងហ្គោលី អាចនឹងទទួលបានលេខ៣ប្រចាំពូលB ដែលមាន៣ក្រុមនេះ។

ផ្ទុយពីនេះក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ដែលឈ្នះ១ និងចាញ់២ប្រកួត បានបាត់បង់ឱកាស ឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះហើយ គឺពួកគេនៅសល់ត្រឹមឱកាស ប្រកួតប្រជែងដណ្តើមយកចំណាត់ថ្នាក់លេខ៥ និងលេខ៦ ប្រចាំព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ នៅថ្ងៃទី១ ខែមេសា ជាមួយក្រុមលេខ៣មកពីពូលB ដែលអាចជាក្រុមម៉ុងហ្គោលី៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.