v9

Alli បានទទួលការព្រមានពីលោក Southgate នៅមុនពេលត្រូវបានលុបឈ្មោះសម្រាប់ការប្រកួតមិត្តភាព

5 months ago​ | ដោយ V-Dara

លោក Gareth Southgate បានចេញនូវការព្រមាននៅលើទីលានមួយទៅកាន់ Dele Alli ដើម្បីជំរុញឲ្យរូបគេបង្កើនទម្រង់លេងរបស់គេ នៅមុនពេលឈ្មោះរបស់រូបគេនឹងត្រូវលុបចេញពីបញ្ជីសម្រាប់ការប្រកួតមិត្តភាព។

តារាឆ្នើមរបស់ក្លិប Tottenham រូបនេះ ត្រូវបានលុបឈ្មោះចេញពីក្នុងជម្រើសទាំង ១១នាក់ដំបូង សម្រាប់ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិអង់គ្លេស ទាំងជាមួយនឹងក្រុមជម្រើសជាតិហូឡង់ និងអ៊ីតាលី ហើយបច្ចុប្បន្នរូបគេកំពុងតែប្រឈមមុខនឹងការប្រជែងមួយសម្រាប់កៅអីរបស់គេក្នុងជម្រើសដំបូងនាយុទ្ធនាការ World Cup។

លោក Southgate គ្រូបង្វឹករបស់ក្រុមអង់គ្លេសដែលមានរហស្សនាមថា តោកំណាចទាំង៣ បានបង្ហាញនូវការខ្វល់ខ្វាយយ៉ាងខ្លាំងទៅលើការធ្លាក់ចុះទម្រង់លេងរបស់ Alli អំឡុងពេលការហ្វឹកហាត់រយៈពេល ១០ថ្ងៃរួមគ្នារបស់ក្រុមជម្រើសជាតិអង់គ្លេស ក្រោយពីលោកបានប្រើប្រាស់តារាឆ្នើមវ័យក្មេងរបស់ក្លិប Spurs រូបនេះឲ្យស្ថិតនៅក្រុមម្ខាង ក្នុងការហ្វឹកហាត់។ ប៉ុន្តែ Alli វ័យ ២១ឆ្នាំ បានជួបការលំបាកក្នុងការបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការត្រៀមលក្ខណៈផ្សេងៗសម្រាប់ការប្រកួតមិត្តភាព ២លើកជាប់ៗគ្នា និងបានបាត់បង់កៅអីរបស់គេក្នុងក្រុមនេះ។

លោក Southgate បានឲ្យដឹងថា៖ «មានជម្រើសដ៏ធំមួយ ហើយខ្ញុំត្រូវតែធ្វើការជ្រើសរើសយកជម្រើសទាំងនោះ។ ខ្ញុំមានបញ្ហាមួយ ពីព្រោះខ្ញុំមាន Marcus Rashford, Jesse Lingard, Raheem Sterling, Harry Kane, Alex Oxlade-Chamberlain និង Jamie Vardy»។ កីឡាកររបស់ក្រុម Spurs រូបនេះ បានលេងនៅរយៈពេល ២២នាទីចុងក្រោយ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុមជម្រើសជាតិហូឡង់ ១-០ និងមិនបានចូលលេងក្នុងពេលទទួលលទ្ធផលស្មើជាមួយនឹងក្រុមអ៊ីតាលីឡើយ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ The Sun

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.