v9

ក្រុមកម្ពុជា និងឡេតូនី ត្រូវប្រជែងគ្នារកក្រុមឈ្នះ ឡើងទៅវគ្គ ១/២ផ្តាច់ព្រ័ត្រជើងឯកពិភពលោក

6 months ago​ | ដោយ V-Dara

ក្រុមកីឡាបាល់ទះអង្គុយជនពិការកម្ពុជា និងក្រុមបាល់ទះអង្គុយឡេតូនី នឹងត្រូវធ្វើការប្រកួតជម្រុះលើកចុងក្រោយប្រចាំពូលA ក្នុងការប្រកួតវគ្គជម្រុះកីឡាបាល់ទះអង្គុយជនពិការជើងឯកពិភពលោក ឆ្នាំ២០១៨ នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ។

ការវិលមកជួបក្រុមរវាងក្រុមកម្ពុជា និងក្រុមឡេតូនី នៅថ្ងៃនេះ វាបានក្លាយជាប្រកួតកាត់សេចក្តីយ៉ាងសំខាន់ ដើម្បីរកក្រុមឈ្នះ ឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង បានកក់កៅនៅវគ្គនេះរួចជាស្រេចទៅហើយ។

ក្រុមកូរ៉េខាងត្បូង ដែលបានយកឈ្នះក្រុមឡេតូនី ៣-០ កាលពីថ្ងៃអង្គារនោះ បានបន្តយកឈ្នះក្រុមកម្ពុជា ៣-០ កាលពីថ្ងៃពុធ ម្សិលមិញ ក្រោយពេលក្រុមឡេតូនី បានយកឈ្នះក្រុមអ៊ីតាលី ៣-០ ក្នុងថ្ងៃជាមួយគ្នានោះដែរ។ ហេតុនេះការជួបក្រុមអ៊ីតាលី នៅថ្ងៃនេះ វាគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចរបស់កូរ៉េខាងត្បូងប៉ុណ្ណោះ ប៉ុន្តែពួកគេក៏ត្រូវការឈ្នះ ដើម្បីទទួលបានលេខ១ ប្រចាំពូលAនេះ ផងដែរ។

ជាមួយការការឈ្នះអ៊ីតាលី ៣-០ និងចាញ់ក្រុមកូរ៉េខាងត្បូង ៣-០ ដូចគ្នា បានធ្វើឲ្យការជួបគ្នារវាងក្រុមកម្ពុជា និងឡេតូនី នៅថ្ងៃនេះ មានការចាប់អារម្មណ៍ខ្លាំង ហើយវាក៏ជាការប្រកួតដ៏លំបាកសម្រាប់ក្រុមកម្ពុជា ក្នុងការស្វែងយកជ័យជម្នះ បានឡើងទៅវគ្គបន្តផងដែរ ដោយសារ កីឡាកររបស់ក្រុមឡេតូនី មានកាយសម្បទាធំជាងកម្ពុជា ដាច់តែម្តង។

យ៉ាងណាក៏ដោយ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា (NPCC) ដែលជាប្រធានប្រតិភូដឹកនាំ និងតាមដានការប្រកួតនេះផ្ទាល់ នៅតែមានទំនុកចិត្តលើក្រុមកម្ពុជា ហើយរំពឹងថា កម្ពុជា អាចនឹងទទួលបានលទ្ធផលល្អជាងពេលប្រកួតជាមួយក្រុមម្ចាស់ផ្ទះ។ លោកបាននិយាយថា៖ «ក្រុមកូរ៉េខាងត្បូង ក៏បានយកឈ្នះឡេតូនី ដែរ អ៊ីចឹងការប្រកួតឡេតូនី យើងសង្ឃឹមច្រើនជាងការប្រកួតជាមួយក្រុមកូរ៉េ នៅថ្ងៃនេះ ៤០ភាគរយ»៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.