v9

ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា និងថៃ បានចាញ់ក្នុងប្រកួតជើងឯកពិភពលោក ថ្ងៃនេះដូចគ្នា

4 weeks ago​ | ដោយ V-Dara

ក្រុមកីឡាបាល់ទះអង្គុយជនពិការកម្ពុជា និងក្រុមថៃ ដែលសុទ្ធតែទទួលបានជ័យជម្នះ ក្នុងការប្រកួតបើកឆាក វគ្គជម្រុះកីឡាបាល់ទះអង្គុយជនពិការជើងឯកពិភពលោក ឆ្នាំ២០១៨ កាលពីថ្ងៃអង្គារនោះ គឺបានជួបការបរាជ័យដូចគ្នា ក្នុងការប្រកួតជម្រុះលើកទី២ តាមពូលរៀងៗខ្លួន នៅថ្ងៃពុធនេះ។

តាមរយៈការប្រកួត នៅទីក្រុង Jeju ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ ក្រុមកម្ពុជា ដែលបានយកឈ្នះក្រុមអ៊ីតាលី ៣-០ ក្នុងការប្រកួតបើកឆាក កាលពីអង្គារ ដើម្បីឡើងទៅឈរនៅតំបន់កំពូលតារាងប្រចាំពូល A នោះ បានចាញ់ក្រុមកូរ៉េខាងត្បូង ៣សិតដាច់តែម្តង (៣-០) ជាមួយគ្រាប់បាល់ ២៥-១៨ ២៥-១៥ និង ២៥-២៣។

ចំណែកក្រុមបាល់ទះអង្គុយរបស់ប្រទេសឡេតូនី បានយកឈ្នះក្រុមអ៊ីតាលី ៣-០ កាលពីព្រឹកមិញនេះដែរ ដើម្បីបង្កើនឱកាសឡើងវិញ ក្រោយពេលពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ៣-០ កាលពីថ្ងៃអង្គារ។

ជាមួយលទ្ធផលនេះ ក្រុមកូរ៉េខាងត្បូង ដែលឈ្នះទាំង ២ប្រកួត បានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំពូល A ដោយស្វ័យប្រវត្តិ បើទោះបីជាពួកគេ នៅសល់ការប្រកួតចុងក្រោយជាមួយក្រុមអ៊ីតាលី ក៏ដោយ។ ប៉ុន្តែក្រុមកម្ពុជា និងក្រុមឡេតូនី ដែលឈ្នះ១ និងចាញ់១ប្រកួតដូចគ្នានោះ នឹងត្រូវប្រកួតគ្នា នៅថ្ងៃស្អែក ដើម្បីរកអ្នកឈ្នះឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមកូរ៉េខាងត្បូង។

ដោយឡែក ក្រុមបាល់ទះអង្គុយជនពិការថៃ ដែលបានយកឈ្នះម៉ុងហ្គាលី ៣-០ កាលពីថ្ងៃអង្គារ ម្សិលមិញ បានមកចាញ់ក្រុមក្រូអាស៊ី ៣-០ នៅថ្ងៃពុធនេះ។ ប៉ុន្តែដោយសារដោយពូល B នេះ នៅសល់តែ ៣ក្រុម ដោយសារក្រុមកុងហ្គោ បានដកខ្លួននោះ បានធ្វើឲ្យក្រុមថៃ នៅតែមានឱកាសខ្ពស់ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមក្រូអាស៊ី ព្រោះក្រុមម៉ុងហ្គោលី ប្រហែលជាមិនអាចយកឈ្នះក្រុមក្រូអាស៊ី ក្នុងការប្រកួតជម្រុះលើកទី២ចុងក្រោយរបស់ខ្លួន បាននោះទេ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77