v9

ក្រុមបាល់ទះអង្គុយកម្ពុជា យកឈ្នះអ៊ីតាលី ដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មី ក្នុងការប្រកួតជើងឯកពិភពលោក

4 months ago​ | ដោយ V-Dara

ក្រុមកីឡាបាល់ទះអង្គុយជនពិការកម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តថ្មីមួយ ក្នុងការប្រកួតជម្រុះកីឡាបាល់ទះអង្គុយជនពិការជើងឯកពិភពលោក ដែលកំពុងដំណើរការប្រកួត នៅទីក្រុងចេជូ ប្រទេសកូរ៉េខាងត្បូង តាមរយៈការយកឈ្នះក្រុមបាល់ទះជនពិការអ៊ីតាលី ៣សិតដាច់តែម្តង ហើយក្រុមម្ចាស់ផ្ទះកូរ៉េ ក៏ទទួលបានជ័យជម្នះដូចគ្នា។

តាមរយៈការប្រកួតបើកឆាកប្រចាំពូលA កាលពីព្រឹកថ្ងៃអង្គារនេះ ក្រុមបាល់ទះជនពិការកម្ពុជា ដែលមានមាឌតូចជាងក្រុមអ៊ីតាលីដាច់នោះ បែរជាអាចយកឈ្នះក្រុមមកពីអឺរ៉ុបមួយនេះ ក្នុងលទ្ធផល ៣-០ គឺជាមួយគ្រាប់បាល់ ២៥-១១ ២៦-២៤ និង ២៥-១៥។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា(NPCC) បានអបអរសាទរខ្លាំងជាមួយជ័យជម្នះនេះ ដោយលោកថ្លែងប្រាប់ពីប្រទេសកូរ៉េខាងត្បូងមកថា៖ «នេះជាការប្រកួតបើកឆាករបស់យើង ហើយក្តីសង្ឃឹមរបស់ខ្ញុំ បានសម្រេចហើយ ដោយយើងបានទទួលជោគជ័យឈ្នះលើក្រុមអ៊ីតាលី ក្នុងលទ្ធផល៣សិតទល់នឹងសូន្យ ប៉ុន្តែយើងត្រូវខិតខំតស៊ូបន្ថែមទៀត ព្រោះយើងត្រូវបន្តទៅជួបក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូងនៅថ្ងៃស្អែក ដែលគេមានកម្រិតលេងខ្លាំងផងដែរ»។

សម្រាប់ការប្រកួតបើកឆាក នៅថ្ងៃអង្គារនេះដែរ ក្រុមបាល់ទះជនពិការកូរ៉េខាងត្បូង បានយកឈ្នះក្រុមឡេតូនី ក្នុងលទ្ធផល ៣-០ ដែរ គឺជាមួយគ្រាប់បាល់ ២៦-២៤ ២៥-១៧ និង ២៥-២៥ ហើយនៅថ្ងៃពុធស្អែកនេះ ក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង នឹងត្រូវជួបក្រុមកម្ពុជា ឯក្រុមអ៊ីតាលី ត្រូវប៉ះក្រុមឡេតូនី។

ក្រុមទាំង៤ខាងលើនេះ នឹងត្រូវធ្វើការប្រកួតជម្រុះវិលជុំ ក្នុងពូលនេះ ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន២ប្រចាំពូលA ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមខ្លាំងចំនួន២ទៀត មកពីពូលB ដែលកំពុងធ្វើការប្រកួតប្រជែងគ្នាផងដែរ ខណៈពូលBនេះ មានក្រុមក្រូអាស៊ី ម៉ុងហ្គោលី ថៃ និងប្រទេសកុងហ្គោ៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.