v9

ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ត្រូវប៉ះក្រុមអ៊ីតាលី ក្នុងការប្រកួតជើងឯកពិភពលោក ថ្ងៃនេះ

4 months ago​ | ដោយ V-Dara

ក្រុមកីឡាករបាល់ទះអង្គុយជនពិការរបស់កម្ពុជា នឹងត្រូវប្រកួតបើកឆាក ក្នុងការប្រកួតជម្រុះកីឡាបាល់ទះអង្គុយជនពិការជើងឯកពិភពលោក ជាមួយក្រុមអ៊ីតាលី ដែលនឹងត្រូវធ្វើនៅទីក្រុងជេជូ ប្រទេសកូរ៉េខាងត្បូង នាថ្ងៃអង្គារនេះ ដើម្បីស្វែងរកឱកាសឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នៅប្រទេសហូឡង់ ក្នុងខែកក្កដា ខាងមុខ។

មុននឹងមកជួបក្រុមអ៊ីតាលី នៅថ្ងៃនេះ ក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជា ទើបតែបានធ្វើការហ្វឹកហាត់ នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង បាន ២ថ្ងៃទេ បន្ទាប់ពីពួកបានធ្វើដំណើរចាកចេញពីមាតុប្រទេស កាលពីយប់ថ្ងៃសុក្រ ហើយការទទួលបានឱកាសទៅប្រកួតជើងឯកពិភពលោកនេះ បានក្លាយជាប្រវត្តិសាស្រ្តលើកដំបូងរបស់ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ក្រោយពេលពួកគេ បានរងចាំអស់រយៈពេល ២១ឆ្នាំ។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា(NPCC) បានថ្លែងថា៖ «ខ្ញុំ និង NPCC បានរង់ចាំអស់រយៈពេល ២១ឆ្នាំមកហើយ គឺនៅថ្ងៃនេះជាមហាកិត្តិយស ដែលក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានជាប់នៅក្នុងចំណាត់ថ្នាក់របស់សហព័ន្ធកីឡាបាល់ទះអង្គុយអន្តរជាតិ និងបានទៅចូលក្នុងការប្រកួតជើងឯកពិភពលោក ជាលើកដំបូងនេះ»។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា អាចនឹងឆ្លងផុតការប្រកួតជម្រុះនេះ ដើម្បីបានឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ ឬយ៉ាងណានោះទេ? ព្រោះការប្រកួតជុំផ្តាច់ព្រ័ត្រនោះ គឺជាការប្រកួតសម្រិតសម្រាំងរកក្រុមមានគុណភាព សម្រាប់ដាក់ឲ្យចូលរួមការប្រកួតប៉ារ៉ាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន។

បើតាមលទ្ធផលនៃការចាប់ឆ្នោតបែងចែកការពូល កាលពីថ្ងៃអាទិត្យ ស្របពេលប្រទេសកូឡុំប៊ី កាណាដា និងអាស៊ែបៃហ្សង់ បានដកខ្លួនចេញនោះ គឺក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានឈរនៅពេលA ជាមួយម្ចាស់ផ្ទះកូរ៉េខាងត្បូង អ៊ីតាលី និងប្រទេសឡេតូនី ខណៈពូលB មានក្រុមក្រូអាស៊ី ម៉ុងហ្គោលី ថៃ និងប្រទេសកុងហ្គោ។ ចំណែកបាល់ទះអង្គុយជនពិការផ្នែកនារី មានតែ ២ប្រទេសទេ គឺកូរ៉េខាងត្បូង និងអ៊ីតាលី។

សម្រាប់ការប្រកួតបើកឆាកនៅថ្ងៃអង្គារនេះ ក្រុមកម្ពុជា ត្រូវជួបក្រុមអ៊ីតាលី មុនពេលប៉ះក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ហើយចុងក្រោយ ត្រូវជួបក្រុមប្រទេសឡេតូនី នៅថ្ងៃទី២៩ ខែមីនា។ ក្រុមដែលទទួលបានលេខ១ និងលេខ២ នៃពូលទាំង២ នឹងត្រូវឡើងទៅប្រកួតគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមលេខ៣ និងលេខ៤ ក៏ត្រូវរៀបចំឲ្យមានការប្រកួតដណ្តើមយកលេខ៦ លេខ៧ និងលេខ៨ ផងដែរ ដើម្បីស្វែងរកក្រុមទទួលបានលេខ១ ដល់លេខ៦ ឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ ក្នុងប្រទេសហូឡង់ នាខែកក្កដា៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.