ធឿន ធារ៉ា ផ្តួលជើងខ្លាំងរបស់ថៃ សងសឹកឲ្យ ឡុង សុវណ្ណឌឿន ដែលកំពុងខូចចិត្ត
កីឡាករជើងខ្លាំង ធឿន ធារ៉ា បានប្រើពេលត្រឹម ១ទឹកប៉ុណ្ណោះ ក្នុងការផ្តួលជើងខ្លាំងរបស់ថៃ Yoddisel សម្រាប់ការប្រកួតក្នុងកម្មវិធី MAX Muay Thai នៅលើទឹកដីរបស់ថៃ កាលពីយប់ថ្ងៃអាទិត្យ ដើម្បីសងសឹកឲ្យជនរួមជាតិ ឡុង សុវណ្ណឌឿន ដែលត្រូវបានជើងខ្លាំងថៃ Saensatharn វ៉ៃឲ្យសន្លប់ធំ ត្រឹមទឹកទី១ កាលពីថ្ងៃសៅរ៍ នៅលើទឹកដីថៃដូចគ្នា។
បើទោះបីជា Yoddisel ធ្លាប់បានផ្តួល រឿង សារ័ត្ន ឲ្យសន្លប់ត្រឹមទឹកទី១ ដើម្បីឈ្នះប្រាក់លានរបស់ GANZBERG នៅលើសង្វៀន MyTV ប៉ុន្តែកីឡាករថៃម្នាក់នេះ ត្រូវបាន ធឿន ធារ៉ា វ៉ៃកែងបណ្តាលឲ្យបែកចិញ្ចើមស្តាំយ៉ាងធំ រហូតគ្រូពេទ្យសម្រេចបញ្ឈប់ការប្រកួត នៅពាក់កណ្តាលទឹកទី១តែម្តង។
ជ័យជម្នះរបស់ ធឿន ធារ៉ា បានក្លាយជាការសងសឹកមួយ ដើម្បីលប់លាងភាពជូរចត់របស់ ឡុង សុវណ្ណឌឿន ដែលត្រូវបានជើងខ្លាំងរបស់ថៃ Saensatharn វ៉ៃកែវបណ្តាលឲ្យបែកចិញ្ចើមឆ្វេង គឺមុនពេលថៃម្នាក់នេះ វាយកែងស្តាំចំថ្គាលមពេញ បណ្តាលឲ្យ ឡុង សុវណ្ណឌឿន ដួលសន្លប់ផ្កាប់មុខ នៅចុងទឹកទី១ ក្នុងកម្មវិធី Thai Fight កាលពីយប់ថ្ងៃសៅរ៍។
ការបរាជ័យរបស់ ឡុង សុវណ្ណឌឿន បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ធ្វើការរិះគន់ដល់រូបគេ ចំពោះការប្រថុយប្រឋានទៅប្រកួតជាមួយ Saensatharn ដោយស្ងាត់ៗលើកនេះ ទាំងដឹងថា ថៃម្នាក់នេះបានផ្តួលរៀមច្បងរបស់ខ្លួនគឺ ឡុង សុភី ឲ្យអាជ្ញាកណ្តាលបញ្ឈប់ត្រឹមទឹកទី១ កន្លងមកដែរនោះ។
យ៉ាងណាក៏ដោយ ឆ្លើយតបជាមួយការរិះគន់ទាំងនោះ ឡុង សុវណ្ណឌឿន បានបង្ហោះរូបភាពមួយចំនួន អមជាមួយសំណេរបង្កប់ភាពឈឺចាប់យ៉ាងដូច្នេះថា៖ «សុំទោសបាទ បើខ្ញុំខុស តែមានអ្នកទទួលស្គាល់ខ្ញុំទេ ពី២០១០មកដល់ពេលនេះ គ្មានទេថ្នាក់ជាតិ គ្មានទេម្ចាស់ខ្សែក្រវាត់់ ថោកបំផុតប្រចាំស្រុកខ្មែរ»៕
កែសម្រួលដោយ៖ Cambosport