v9

មឿន សុខហ៊ុច និង សេង ស្រឿន ត្រូវវ៉ៃដណ្តើមប្រាក់លានជាមួយជើងខ្លាំងរបស់ថៃ

9 months ago​ | ដោយ V-Dara

អ្នកលេងស្នៀតជើង មឿន សុខហ៊ុច និងកីឡាករ សេង ស្រឿន នឹងត្រូវប្រកួតដណ្តើមប្រាក់លាន ក្នុងទម្ងន់៦៥គីឡូក្រាម ជាមួយជើងខ្លាំងរបស់ថៃ Leamphit និង Manav Thorn នៅលើសង្វៀន CNC នាល្ងាចថ្ងៃសៅរ៍នេះ ខណៈថៃទាំង២នាក់នេះ សុទ្ធតែជាជើងខ្លាំង ដែលធ្លាប់យកឈ្នះកីឡាករកម្ពុជា កន្លងមក។

កីឡាករកម្ពុជា និងថៃអ្នកទាំង ៤នាក់ ខាងលើនេះ តម្រូវឲ្យធ្វើការចាប់ឆ្នោត ដើម្បីផ្គូផ្គងអ្នកត្រូវជួបគ្នានៅវគ្គជម្រុះដំបូង ដែលមានត្រឹម ៣ទឹក ដោយកំណត់ឲ្យកីឡាករកម្ពុជា ត្រូវជួបអ្នកប្រដាល់ថៃ ប៉ុន្តែអ្នកឈ្នះក្នុងវគ្គជម្រុះ មិនថាកម្ពុជា ឬថៃ ត្រូវឡើងទៅប្រកួតដណ្តើមយកប្រាក់ ៤លានរៀល នៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវធ្វើនៅថ្ងៃសៅរ៍ជាមួយគ្នានោះតែម្តង។

យោងតាមកម្រិតការប្រកួតកន្លងមក របស់កីឡាករថៃទាំង ២នាក់នេះ គឺពួកគេមានសមត្ថភាពខ្លាំង ពិសេស Leamphit មកពីក្លិប Pele Buriram ព្រោះអ្នកប្រដាល់អាយុ២៧ឆ្នាំ កម្ពស់១,៧០ម៉ែត្រ មានប្រវត្តិប្រកួត៨២ដង ឈ្នះ៦២ ចាញ់១៧ ស្មើ៣ដង និងវ៉ៃគូប្រកួតឲ្យសន្លប់២១ដងម្នាក់នេះ ធ្លាប់វាយកីឡាករកម្ពុជា រឿង សារ័ត្ន ឲ្យសន្លប់ត្រឹមទឹកទី១ មុនពេលរូបគេបន្តយកឈ្នះកីឡាករថៃដូចគ្នា គឺ ណាំខៈបួនយ៉ា ដើម្បីយកប្រាក់៤លានរៀល ក្នុងការប្រកួតដណ្តើមប្រាក់លាន នៅលើសង្វៀន CNC នេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ។

សម្រាប់ការប្រកួតប្រាក់លានលើកនេះ Leamphit នៅតែជាបេក្ខភាពមួយរូប ដែលមានភាគរយខ្ពស់ ក្នុងការឈ្នះប្រាក់លានលើកនេះ។ ចំណែក Manav Thorn ក៏មានបទពិសោធប្រកួតគួរឲ្យគត់សម្គាល់ផងដែរ ដោយសាររូបគេ ធ្លាប់មកប្រកួត នៅលើកម្ពុជា ច្រើនលើកមកហើយ និងទទួលបានលទ្ធផលល្អផងដែរ។

នៅក្នុងប្រវត្តិប្រកួត៩៧ដង ឈ្នះ៧៩ ចាញ់១៣ ស្មើ៥ និងធ្លាប់វ៉ៃគូប្រកួតឲ្យសន្លប់១១ដង Manav Thorn ដែលមានអាយុ២៥ឆ្នាំ កម្ពស់១,៧៥ម៉ែត្រ ធ្លាប់មកប្រកួតនៅកម្ពុជា ជិត២០ដងមកហើយ។ សម្រាប់ការប្រកួតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ កន្លងមកនេះ Manav Thorn ទទួលបានលទ្ធផលឈ្នះ និងចាញ់ប្រហាក់ប្រហែលគ្នា ហើយគេក៏ធ្លាប់សន្លប់ក្រោមស្នាដៃ មឿន សុខហ៊ុច នៅទឹកទី៤ផងដែរ។

ប៉ុន្តែសម្រាប់ការបង្ហាញខ្លួន៤លើកចុងក្រោយ នៅឆ្នាំ២០១៨នេះ Manav Thorn បានចាញ់ រឿង សោភ័ណ្ឌ ក្នុងទឹកទី៣ តែម្តងគត់ ប៉ុន្តែរូបគេបានយកឈ្នះ ផុន ផាន់ណា ពុទ្ធ ឆាយរិទ្ធី និង ផង់ សុភាព ដោយពិន្ទុដូចគ្នា។ លទ្ធផលនេះ អាចបង្ហាញបានថា Manav Thorn នៅតែជើងខ្លាំងមួយរូប ដែល មឿន សុខហ៊ុច និង សេង ស្រឿន លំបាកយកឈ្នះ ផងដែរ។

ដោយឡែក សម្រាប់សមត្ថភាពកីឡាករកម្ពុជាទាំង២នាក់ គឺគេហាក់មានទំនុកចិត្តទៅលើ មឿន សុខហ៊ុច ច្រើនជាង សេង ស្រឿន ក្នុងការយកឈ្នះដៃ នៅវគ្គជម្រុះ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ព្រោះស្នៀតប្រយុទ្ធរបស់ សុខហ៊ុច មានចេញបានវែង និងធ្ងន់ជាង សេង ស្រឿន ទាំងការទាត់ កណ្តាប់ដៃ និងវាយកែង។ ប៉ុន្តែបើសិនជា មឿន សុខហ៊ុច ត្រូវប៉ះ Leamphit នៅវគ្គជម្រុះ ក៏គេពិបាកនឹងស្វែងរកជ័យជម្នះដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.