v9

ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ត្រូវចេញទៅប្រកួតជើងឯកពិភពលោក យប់នេះ

6 months ago​ | ដោយ V-Dara

ក្រុមកីឡាករបាល់ទះអង្គុយជនពិការរបស់កម្ពុជា នឹងត្រូវធ្វើដំណើរចាកចេញពីមាតុប្រទេស នៅយប់ម៉ោងថ្ងៃសុក្រនេះ ដើម្បីទៅចូលរួមការប្រកួតកីឡាបាល់ទះអង្គុយជនពិការជើងឯកពិភពលោក ដែលត្រូវធ្វើនៅប្រទេសកូរ៉េខាងត្បូង។

បើតាមមន្រ្តីកីឡារបស់គណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា(NPCC) បានប្រាប់ឲ្យដឹងមុននេះបន្តិចថា ក្រុមបាល់ទះអង្គុយជនពិការរបស់កម្ពុជា និងប្រតិភូ ដែលដឹកនាំដោយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា នឹងធ្វើដំណើរទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ម៉ោង ៨:៣០ រួចបន្តដំណើរដោយយន្តហោះ បោះពួយទៅកាន់ប្រទេសកូរ៉េ ជាកន្លែងដែលពួកគេត្រូវប្រកួតប្រជែងជើងឯកពិភពលោក រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។

មន្រ្តីកីឡារបស់គណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជា ដដែលនេះ បានបន្ថែមថា នៅក្នុងការប្រកួតកីឡាបាល់ទះអង្គុយជនពិការជើងឯកពិភពលោកនេះ មាន១១ប្រទេសចូលរួម ហើយការប្រកួតនេះ គឺដើម្បីស្វែងរកកៅអីឡើងទៅប្រកួតប៉ារ៉ាអូឡាំពិក។ មានន័យថា ៦ប្រទេស ដែលបានឈ្នះក្នុងការប្រកួតនេះ នឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ជាមួយប្រទេសអង្គុយចាំមួយចំនួនទៀត នៅប្រទេសហូឡង់ នាខែកញ្ញា ដើម្បីស្វែងរកប្រទេសឈ្នះកៅអីពីការប្រកួតជើងឯកពិភពលោកនេះ សម្រាប់ទៅចូលរួមការប្រកួតប៉ារ៉ាអូឡាំពិក៕

កែសម្រួលដោយ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.